ក្រុមកាំភ្លើងធំ Arsenal បានបំបាក់មាន់ខ្នាយមាស ៤-១ និងបំបែកកំណត់ត្រា ៧០ ឆ្នាំ….

ក្រុមកាំភ្លើងធំ Arsenal បំបាក់មាន់ខ្នាយមាស ៤-១

📝 ក្រុមកាំភ្លើងធំ Arsenal បានបំបាក់មាន់ខ្នាយមាស ៤-១ និងបំបែកកំណត់ត្រា ៧០ ឆ្នាំ….

✍️ គ្មានអ្វីដែលអស្ចារ្យជាងការឈ្នះនៅក្នុងជំនួបសត្រូវស៊ីសាច់ហុតឈាម North London Derby នោះទេ ។ យើងនឹងមកនិយាយអំពីយប់ដ៏អស្ចារ្យមួយនៅឯកីឡដ្ឋាន Tottenham Hotspur Stadium ជាកន្លែងដែលក្រុមកាំភ្លើងធំ Arsenal បានបង្ហាញមហិទ្ធិឫទ្ធិ កម្ទេចក្រុមម្ចាស់ផ្ទះ Spurs ឱ្យដេកដួលក្នុងភក់យ៉ាងអាម៉ាស់ ៤ ទល់នឹង ១ ។ ជ័យជម្នះនេះមិនត្រឹមតែជាការយក ៣ ពិន្ទុធម្មតានោះទេ ប៉ុន្តែវាគឺជាការបំបែកកំណត់ត្រាដែលមិនធ្លាប់មានតាំងពីឆ្នាំ ១៩៥៥ មកម្ល៉េះ។ តើមានអ្វីកើតឡើងខ្លះក្នុងយប់មិញនេះ? ហើយតើ Viktor Gyokeres និង Eberechi Eze ខ្លាំងដល់កម្រិតណា? តោះ! តាមដានជាមួយខ្ញុំទាំងអស់គ្នា .

✍️ ការប្រកួតចាប់ផ្ដើមភ្លាម កាំភ្លើងធំបានបង្ហាញចេតនាយ៉ាងច្បាស់គឺ ‘ការវាយសម្រុក’។ យើងគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុងនៅដើមតង់ទីមួយ។ សម្ពាធបានកើតឡើងភ្លាមៗ រហូតដល់នាទីដែលយើងរង់ចាំបានមកដល់។ Bukayo Saka បានបង្ហាញបច្ចេកទេសបញ្ជូនបាល់យ៉ាងស្អាតទៅឱ្យ Eberechi Eze។ Eze បានគ្រប់គ្រងបាល់យ៉ាងនឹងធឹង មុនពេលបង្វិលខ្លួនស៊ុតបញ្ចូលទីយ៉ាងត្រជាក់ភ្នែក ធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះស្ងាត់ជ្រងំ ។ ប៉ុន្តែ អ្វីៗមិនងាយស្រួលពេកនោះទេ ត្រឹមតែ ២ នាទីក្រោយមក ភាពចន្លោះប្រហោងបន្តិចបន្តួចបានធ្វើឱ្យ Randal Kolo Muani របស់ Spurs រកគ្រាប់បាល់តាមស្មើវិញភ្លាមៗ ហួសដៃអ្នកចាំទី David Raya។ លទ្ធផល ១-១ នេះបានធ្វើឱ្យការប្រកួតកាន់តែក្ដៅគគុក ។ មុននឹងឈានដល់គ្រាប់បាល់បន្តបន្ទាប់ ការប្រកួតមានភាពរអាក់រអួលបន្តិចដោយសារបញ្ហាបច្ចេកវិទ្យារបស់អាជ្ញាកណ្ដាល ដែលធ្វើឱ្យការប្រកួតត្រូវផ្អាកជិត ៥ នាទី។ ប៉ុន្តែសន្ទុះរបស់កាំភ្លើងធំមិនបានថយចុះឡើយ។ Gyokeres ស្ទើរតែរកគ្រាប់បាល់បានពីការតែត ហើយ Leandro Trossard ក៏បានព្យាយាមស៊ុតពីចម្ងាយ ៣០ យ៉ាត ពេលដែលអ្នកចាំទី Vicario ចេញឆ្ងាយពីទី ប៉ុន្តែត្រូវបានខ្សែការពារ Radu Dragusin រត់មកជួយទាន់ពេល ។ William Saliba ក៏ស្ទើរតែរកគ្រាប់បាល់បានពីការតែតចេញពីជ្រុងផងដែរ។ យើងឃើញថា Spurs ក្រោមការដឹកនាំរបស់គ្រូថ្មី Igor Tudor ហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពវីវក់ ស្ទើរតែទប់ទល់មិនជាប់នឹងរលកវាយប្រហាររបស់យើងឡើយ ។

✍️ ចូលដល់តង់ទី ២ កាំភ្លើងធំលេងកាន់តែមានអំណាច។ ហើយនៅទីបំផុត កីឡាករស៊ុយអែតដ៏ខ្លាំងពូកែ Viktor Gyokeres បានបង្ហាញពិភពលោកឱ្យឃើញថាហេតុអ្វីបានជាគេចង់បានរូបគាត់។ គាត់បានស៊ុតបាល់យ៉ាងស្អាតពីគែមប្រអប់គ្រោះថ្នាក់ នាំមុខ ២-១។ មិនទុកឱ្យ Spurs ដកដង្ហើមទាន់ Eze ក៏បានបន្ថែមគ្រាប់ទី ២ ផ្ទាល់ខ្លួន និងជាគ្រាប់ទី ៣ ឱ្យក្រុម ។ ប៉ុន្តែចំណុចរបត់មួយទៀត គឺការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់ David Raya។ Richarlison របស់ Spurs ស្ទើរតែរកគ្រាប់បាល់បានទៅហើយ ប៉ុន្តែ Raya បានលូកដៃទាត់បាល់ចេញពីខ្សែបន្ទាត់យ៉ាងមិនគួរឱ្យជឿ។ បើគ្រាប់នោះចូល អ្វីៗអាចនឹងប្រែប្រួល ប៉ុន្តែ Raya បាននិយាយថា ‘ទេ!’ សម្រាប់យប់នេះ ។ នៅនាទីបន្ថែមចុងក្រោយ Gyokeres បានបញ្ចប់ពិធីជប់លៀងនេះយ៉ាងស្រស់ស្អាត ដោយការអូសដាច់ខ្សែការពារ Archie Gray មុននឹងស៊ុតបញ្ចូលទីគ្រាប់ទី ៤ ។

✍️ សូមបងប្អូនមកមើលស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ✍️
១. នេះជាលើកដំបូងដែលយើងឈ្នះនៅផ្ទះ Spurs ៤ ដងជាប់ៗគ្នា តាំងពីឆ្នាំ ១៩៥៥។
២. ជាលើកដំបូងដែលឈ្នះ ៥ ដងជាប់ៗគ្នា (ទាំងក្នុង និងក្រៅដី) តាំងពីឆ្នាំ ១៩៨៩។
៣. ជ័យជម្នះដ៏ធំបំផុតនៅផ្ទះ Spurs តាំងពីឆ្នាំ ១៩៧៨។
អ្វីដែលសំខាន់បំផុត លទ្ធផលនេះបានរុញឱ្យកាំភ្លើងធំនាំមុខ ៥ ពិន្ទុដាច់នៅកំពូលតារាង Premier League ក្នុងឆ្នាំ ២០២៦ នេះ!

✍️ សរុបមក Spurs នៅតែជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះទាល់តែសោះក្នុងឆ្នាំ ២០២៦ នេះ ។ ចុះបងប្អូនវិញ យល់យ៉ាងណាដែរចំពោះទម្រង់លេងរបស់ Gyokeres និង Eze ? តើកាំភ្លើងធំនឹងអាចលើកពានរង្វាន់ Premier League រដូវកាលនេះបានដែរឬទេ ?

Last Post