🏆 ការប្រកួត Premier League ដ៏ជក់ចិត្តរវាងក្រុម Everton ត្រូវប៉ះ Man United …
💥 ស្វាគមន៍មកកាន់ការវិភាគការប្រកួតដ៏ជក់ចិត្តប្រចាំសប្តាហ៍ទី ២៧ នៃក្របខ័ណ្ឌ Premier League។ នៅយប់រំលងអធ្រាត្រថ្ងៃចន្ទនេះ ភ្នែកទាំងអស់នឹងសម្លឹងទៅកាន់កីឡដ្ឋាន Hill Dickinson ថ្មីសន្លាងរបស់ក្រុម Toffees Everton ដែលនឹងត្រូវបើកទ្វារស្វាគមន៍ ‘បិសាចក្រហម’ Manchester United ។ នេះគឺជាជំនួបដ៏សំខាន់សម្រាប់ក្រុមទាំងពីរ។ Everton ចង់បានជ័យជម្នះដើម្បីដេញតាមកៅអីអឺរ៉ុប ខណៈដែល Manchester United ក្រោមការដឹកនាំរបស់លោក Michael Carrick កំពុងមានឱកាសមាសក្នុងការទម្លាក់ Chelsea ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ៤ មកវិញ ។ តើបិសាចក្រហមអាចបន្តភាពខ្លាំង ឬមួយក៏ Everton នឹងបង្កើតប្រវត្តិសាស្ត្រឈ្នះទាំងក្នុង និងក្រៅដីលើកដំបូងតាំងពីឆ្នាំ ២០១៤ ? តោះ! ទៅតាមដានការវិភាគលម្អិតជាមួយខ្ញុំ !
📝 ងាកមកមើលម្ចាស់ផ្ទះ Everton កាលពីខែវិច្ឆិកាកន្លងទៅ ពួកគេបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយយកឈ្នះ Man Utd ១-០ ដល់ទឹកដី Old Trafford ។ ប៉ុន្តែការប្រកួតនោះ គេចាំមិនភ្លេចទេនូវរឿងអាស្រូវដែល Idrissa Gueye បានទះកំផ្លៀងមិត្តរួមក្រុម Michael Keane រហូតទទួលបានកាតក្រហម ។ បច្ចុប្បន្ន លោក David Moyes កំពុងដឹកនាំក្រុមឈរនៅលេខ ៩ ហើយមានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីអឺរ៉ុប ដោយនៅពីក្រោយ Liverpool ត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាធំរបស់ Everton គឺ ‘ទម្រង់លេងក្នុងផ្ទះ’។ បងប្អូនដឹងទេ ក្នុងចំណោម ១០ ប្រកួតចុងក្រោយក្នុងដី ពួកគេចាញ់ដល់ទៅ ៥ ដង ហើយ ៥ ប្រកួតចុងក្រោយនេះ មិនទាន់ស្គាល់ពាក្យថាឈ្នះទាល់តែសោះនៅកីឡដ្ឋានថ្មីនេះ។ ថែមទាំងរបូតគ្រាប់បាល់រហូត មិនដែលរក្សា Clean Sheet បានឡើយតាំងពីខែធ្នូមក ។
📝 ផ្ទុយស្រឡះពីម្ចាស់ផ្ទះ Manchester United កំពុងតែហោះហើរយ៉ាងខ្ពស់ក្រោមការដឹកនាំរបស់លោក Michael Carrick ដែលមកជំនួសតំណែងលោក Ruben Amorim។ Carrick បានធ្វើឱ្យបិសាចក្រហមក្លាយជាក្រុមដែលពិបាកស៊ីបំផុត ដោយមិនដែលចាញ់សោះក្នុង ៩ ប្រកួតជាប់ៗគ្នាក្នុងលីគ និងឈ្នះ ៤ ក្នុងចំណោម ៥ ប្រកួតចុងក្រោយ ។ កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធ Benjamin Sesko ទើបតែជួយសង្គ្រោះក្រុមដោយការស៊ុតតាមស្មើ West Ham នៅនាទីទី ៩៦។ បច្ចុប្បន្ន Man Utd មានពិន្ទុស្មើ Chelsea ទៅហើយ។ ដូច្នេះមានន័យថា ប្រសិនបើពួកគេយកបាន ៣ ពិន្ទុពី Everton នៅយប់នេះ ពួកគេនឹងឡើងទៅឈរលេខ ៤ ភ្លាមៗ។ លើសពីនេះ ប្រវត្តិសាស្ត្រក៏នៅខាងបិសាចក្រហមដែរ ដោយពួកគេធ្លាប់ឈ្នះនៅទឹកដី Everton ដល់ទៅ ១៩ ដង ដែលជាស្ថិតិឈ្នះច្រើនជាងគេបំផុតក្នុង Premier League។
📝 ចំពោះបញ្ហាកម្លាំងទ័ព Everton នឹងអវត្តមានខ្សែការពារ Jake O’Brien ដោយសារកាតក្រហម និង Jack Grealish ដែលរងរបួសកជើងធ្ងន់ធ្ងរ។ ប៉ុន្តែដំណឹងល្អគឺប្រធានក្រុម Seamus Coleman នឹងត្រឡប់មកវិញ។ កីឡាករដែលត្រូវតាមដានគឺ Kiernan Dewsbury-Hall។ ប្រសិនបើគាត់ស៊ុតចូលយប់នេះ គាត់នឹងក្លាយជាកីឡាករអង់គ្លេសដំបូងរបស់ Everton តាំងពីឆ្នាំ ១៩៧៨ ដែលស៊ុតចូល Man Utd ទាំងជើងទី១ និងជើងទី២ ក្នុងរដូវកាលតែមួយ ។ ចំណែក Man Utd វិញ នឹងខ្វះ Mason Mount, De Ligt និង Patrick Dorku។ ប៉ុន្តែវាមិនមែនជាបញ្ហាធំទេ ព្រោះប្រធានក្រុម Bruno Fernandes កំពុងមានទម្រង់លេងក្រៅដីដ៏អស្ចារ្យ (ស៊ុត ២ Assist ៨ ក្នុង ៩ ប្រកួតក្រៅដី)។ ក្រៅពីនេះ នៅមាន Bryan Mbeumo ដែលស៊ុតបាន ១០ គ្រាប់រួចហើយ និង Benjamin Sesko ដែលកំពុងឡើងជើងខ្លាំង។
✍️ សរុបមក ទោះបីជា Everton ធ្លាប់ឈ្នះកាលពីជើងទីមួយក៏ដោយ ប៉ុន្តែស្ថានភាពបច្ចុប្បន្ន Man Utd គឺល្អជាងឆ្ងាយណាស់ ។ ជាមួយនឹងកម្លាំងចិត្តចង់បាន Top 4 និងទម្រង់លេងមិនដែលចាញ់ ៩ ប្រកួតជាប់គ្នា ខ្ញុំជឿជាក់ថាបិសាចក្រហមនឹងអាចយកឈ្នះនៅ Hill Dickinson និងនាំយក ៣ ពិន្ទុត្រឡប់ទៅផ្ទះវិញ ។ 🔮 លទ្ធផលព្យាករណ៍: Everton 1-2 Manchester United ។
ចុះបងប្អូនវិញ យល់យ៉ាងណាដែរ? តើ Everton អាចបង្កើតភាពភ្ញាក់ផ្អើលបានដែរឬទេ? ឬមួយក៏ Bruno Fernandes នឹងក្លាយជាអ្នកសម្លាប់ Everton នៅយប់នេះ ?







