Vinicius បង្ហើបពីការដើរតួជាអ្នកអូសទាញ Mbappe និង Bellingham មកចូល Real Madrid

Vinicius បង្ហើបពីការដើរតួជា “ភ្នាក់ងារសម្ងាត់” អូសទាញ Mbappe និង Bellingham មកចូល Real Madrid

Vinicius Jr នៅតែបន្តជាគ្រាប់ពេជ្រដ៏សំខាន់សម្រាប់គម្រោងរបស់ក្រុម “ស្តេចស” Real Madrid។ ឈានចូលដល់រដូវកាលទី ៨ នៅកីឡដ្ឋាន Santiago Bernabeu ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះថ្មីៗនេះបានអញ្ជើញលោក Ibai Llanos (Youtuber/Streamer ដ៏ល្បី) ឱ្យមកស្វែងយល់ពីជីវិតរបស់គេ។ Streamer ជនជាតិអេស្ប៉ាញរូបនេះបានទទួលឱកាសពិសេសចូលមើលជីវិតផ្ទាល់ខ្លួនរបស់ Vinicius, រឿងរ៉ាវក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Real Madrid និងការរំពឹងទុកខ្ពស់របស់កីឡាកររូបនេះចំពោះលោក Carlo Ancelotti ក្នុងការដឹកនាំ ក្រុមជម្រើសជាតិប្រេស៊ីល។

ជាមួយនឹងសំណើច ខ្សែប្រយុទ្ធរូបនេះបានទម្លាយពីតួនាទីដែលខ្លួនតាំងខ្លួនឯងជា “អ្នកកាយរឹទ្ធិក្រៅផ្លូវការ” (Unofficial Scout) ក្នុងការតាមអូសទាញ Kylian Mbappe។

គេបាននិយាយថា៖ “រៀងរាល់រដូវក្តៅ ខ្ញុំតែងតែឆាតទៅសួរ Mbappe ថា ‘តើឯងមកពេលណា?’ ខ្ញុំធ្វើខ្លួនដូចជាភ្នាក់ងារ (Agent) អញ្ចឹង។ ខ្ញុំទាក់ទងតាម Instagram ព្រោះយើងមិនទាន់ស្និទ្ធស្នាលគ្នាទេ។ គេតែងតែឆ្លើយតប ប៉ុន្តែមិនច្បាស់លាស់សោះ។ គេប្រាប់ខ្ញុំថា ‘ចាំមើលសិន’។ ប៉ុន្តែឥឡូវនេះ ទីបំផុតយើងបាននៅជាមួយគ្នាហើយ។”

ខ្សែប្រយុទ្ធបារាំងមិនមែនជា Galactico តែមួយរូបដែលស្ថិតក្នុងរ៉ាដារបស់កីឡាករប្រេស៊ីលរូបនេះទេ។ ម្ចាស់ជើងឯក Champions League ២ សម័យរូបនេះបានពន្យល់ថា៖ “ខ្ញុំក៏បានធ្វើបែបនេះដាក់ Jude Bellingham ដែរ។ ខ្ញុំបានប្រាប់គេថា ‘ឯងមិនអាចទៅកន្លែងផ្សេងបានទេ។ ឯងត្រូវតែមក Real Madrid; នេះជាក្លឹបល្អបំផុតក្នុងលោក។'”

ចំពោះមិត្តរួមក្រុមដែលស្និទ្ធស្នាលបំផុត Vinicius បានចាត់ទុក Mbappe, Mendy និង Camavinga ជាមនុស្សក្នុងរង្វង់ដ៏ជិតស្និទ្ធរបស់គេ៖ “ពួកយើងចំណាយពេលនៅជាមួយគ្នាច្រើនជាងនៅជាមួយគ្រួសាររបស់យើងទៅទៀត។ វាពិតជាសំខាន់ណាស់ក្នុងការរក្សាចំណងមិត្តភាពនេះ។ ជាញឹកញាប់ វាអាស្រ័យលើដំណាក់កាលនៃរដូវកាល ឬថាតើកីឡាករនោះរៀបការហើយ ឬនៅលីវ…”

Last Post