Real Madrid ភ្លាត់ចាញ់ Getafe ១-០ ក្នុងដីខ្លួនឯង ទុកឱ្យគម្លាតពិន្ទុឃ្លាតពីកំពូលតារាង Barcelona កាន់តែឆ្ងាយ
ក្រុមអធិរាជស Real Madrid បានរងបរាជ័យយ៉ាងឈឺចាប់ក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុម Getafe ក្នុងទឹកដីខ្លួនឯង សម្រាប់ការប្រកួតក្របខ័ណ្ឌ La Liga កាលពីថ្ងៃចន្ទ ដែលលទ្ធផលនេះបានធ្វើឱ្យពួកគេបន្តតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន ៤ ពិន្ទុ។
ក្រុមរបស់លោក Alvaro Arbeloa ដែលរបូតគ្រាប់បាល់ដោយការស៊ុតវ៉ូឡេ (Volley) យ៉ាងស្អាតពីសំណាក់កីឡាករ Martin Satriano នោះ បានរងបរាជ័យជាលើកទី ២ ជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
រាត្រីដ៏សែនអាក្រក់របស់ក្រុម Real Madrid កាន់តែអាក្រក់ថែមទៀត នៅពេលដែលខ្សែប្រយុទ្ធ Mastantuono ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីទីលាននៅម៉ោងបន្ថែម (Stoppage time) ដោយសារតែការប្រើពាក្យសម្តីតវ៉ា។
ដោយសារកំពូលតារាឆ្នើមបារាំង Kylian Mbappe កំពុងស្ថិតនៅប្រទេសបារាំងដើម្បីព្យាបាលរបួសថ្លោះសរសៃជង្គង់ ក្រុម Madrid បានរៀបចំជម្រើស ១១ នាក់ដំបូងដោយដាក់ Gonzalo Garcia នៅតំបន់ប្រយុទ្ធ ចាប់ដៃគូជាមួយតារាឆ្នើមប្រេស៊ីល Vinicius Junior នៅកីឡដ្ឋាន Santiago Bernabeu។
គួររំលឹកថា Real Madrid ទើបតែចាញ់ក្រុម Osasuna កាលពីចុងសប្តាហ៍មុន ដែលបើកឱកាសឱ្យគូប្រជែង Barca វ៉ាដាច់ដណ្តើមកំពូលតារាងក្នុងការប្រជែងពានរង្វាន់។ ចំណែកឯក្រុមរបស់លោក Hansi Flick មួយនេះក៏ទើបតែបានពង្រីកគម្លាតពិន្ទុនាំមុខរបស់ខ្លួនបន្ថែមទៀត តាមរយៈការលត់ក្រុម Villarreal កាលពីថ្ងៃសៅរ៍។
ដំណើរការនៃការប្រកួត
ងាកមកកីឡាករ Vinicius ដែលកំពុងមានទម្រង់លេងយ៉ាងល្អក្នុងឆ្នាំ ២០២៦ បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនសូវមានស្ថិរភាពនោះ បានខ្ជះខ្ជាយឱកាសមាសតាំងពីដើមការប្រកួត។ ខ្សែប្រយុទ្ធស្លាបរូបនេះបានអូសបាល់ទម្លុះសំដៅទី ប៉ុន្តែអ្នកចាំទី David Soria បានជួយសង្គ្រោះយ៉ាងល្អដោយប្រើជើងរបស់គេ។ បន្ទាប់មក ការបង្វិលខ្លួនអូសបាល់ (Roulette) យ៉ាងអស្ចារ្យពីសំណាក់កីឡាករ Arda Guler ស្ទើរតែអាចរកគ្រាប់បាល់បើកឆាកឱ្យ Madrid ទៅហើយ ប៉ុន្តែអ្នកចាំទី Soria នៅតែអាចហក់រុញការស៊ុតរបស់ខ្សែប្រយុទ្ធតួកគីរូបនេះរំលងរបារទីបានទៀត។
ទន្ទឹមនឹងនោះ Getafe មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការប៉ះទង្គិចដ៏ឈឺចាប់រវាងខ្សែការពារ Madrid កីឡាករ Antonio Rudiger និង Diego Rico ដោយជង្គង់របស់កីឡាករអាល្លឺម៉ង់រូបនេះបានទង្គិចចំក្បាលរបស់កីឡាករអេស្ប៉ាញ។
🔸គ្រាប់បាល់ជ័យជម្នះ៖ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Satriano គឺជាអ្នកបំបែកភាពស្ងាត់ជ្រងំ ដោយបានស៊ុតយ៉ាងល្អឥតខ្ចោះពីគែមប្រអប់គ្រោះថ្នាក់ បន្ទាប់ពីមិត្តរួមជាតិ Mauro Arambarri តែតទម្លាក់បាល់ឱ្យគេអូសទៅមុខ។
ចូលដល់តង់ទីពីរ អ្នកចាំទី Soria ដែលលេងបានយ៉ាងល្អកប់ពពកក្នុងប្រកួតនេះ បានបន្តសង្គ្រោះការស៊ុតរបស់ Vinicius ខណៈដែលកីឡាករប្រេស៊ីលរូបនេះបានលើកដៃអំពាវនាវសុំការគាំទ្រ និងលើកទឹកចិត្តបន្ថែមពីសំណាក់អ្នកគាំទ្រ Madrid ក្នុងកីឡដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមទាំងមូលហាក់មិនសូវមានទម្រង់លេងដែលអាចធ្វើឱ្យអ្នកគាំទ្ររំភើបនោះទេ ទោះបីជា Rudiger ស្ទើរតែអាចតែតបាល់តាមស្មើបានក៏ដោយ។
🔸ភាពតានតឹងចុងម៉ោង៖ ចូលដល់ម៉ោងបន្ថែម Mastantuono ត្រូវបានបណ្តេញចេញ ដែលទំនងជាដោយសារតែពាក្យសម្តីដែលគេនិយាយទៅកាន់អាជ្ញាកណ្តាល មុនពេលក្រុម Getafe ក៏សល់សមាជិកត្រឹម ១០ នាក់ដូចគ្នា នៅពេលដែល Adrian Liso ទាត់បាល់ចោលដើម្បីពន្យារពេល ហើយត្រូវរងការពិន័យកាតលឿងទីពីរ។







