Real Madrid បញ្ជូនភស្តុតាងទៅ UEFA ជាផ្លូវការ ជុំវិញករណីរើសអើងពូជសាសន៍លើ Vinicius Jr

Real Madrid បញ្ជូនភស្តុតាងទៅ UEFA ជាផ្លូវការ ជុំវិញករណីរើសអើងពូជសាសន៍លើ Vinicius Jr

ក្រុមអធិរាជស Real Madrid បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជុំវិញការចោទប្រកាន់ពីបទជេរប្រមាថរើសអើងពូជសាសន៍ពីសំណាក់កីឡាករ Gianluca Prestianni ទៅលើ Vinicius Jr។ កាលពីថ្ងៃព្រហស្បតិ៍ ក្លឹបបានបញ្ជូនឯកសារភស្តុតាងដែលខ្លួនមាន ដូចដែលបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ “Real Madrid សូមបញ្ជាក់ថា យើងបានផ្តល់ជូន UEFA នូវរាល់ភស្តុតាងទាំងអស់ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ កន្លងទៅ ក្នុងជំនួប Champions League នៅទីក្រុង Lisbon ទល់នឹងក្លឹប SL Benfica។”

ការសហការ និងការថ្លែងអំណរគុណ
ក្លឹបបានសង្កត់ធ្ងន់ថា ពួកគេ “បានសហការយ៉ាងសកម្មជាមួយការស៊ើបអង្កេតដែលរៀបចំដោយ UEFA” និងបានចាត់ទុកព្រឹត្តិការណ៍នៅកីឡដ្ឋាន Da Luz ថាជា “សកម្មភាពនៃការរើសអើងពូជសាសន៍ដែលមិនអាចទទួលយកបាន ដែលបានកើតឡើងក្នុងអំឡុងពេលប្រកួត។”

ក្លឹបក៏បានថ្លែងអំណរគុណដល់បុគ្គល និងស្ថាប័នទាំងអស់ដែលបានចេញមុខការពារកីឡាករប្រេស៊ីលរូបនេះ៖ “Real Madrid សូមថ្លែងអំណរគុណចំពោះការគាំទ្រជាឯកច្ឆន្ទ និងសេចក្តីស្រឡាញ់ដែលកីឡាកររបស់យើង Vinicius Jr ទទួលបានពីគ្រប់ទិសទីនៃពិភពបាល់ទាត់។” ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមតិមួយចំនួន ដូចជាភ្នាក់ងាររបស់ Prestianni ឬអតីតអ្នកចាំទី Jose Luis Chilavert ជាដើម ដែលនៅតែចេញមុខកាន់ជើងកីឡាករអាហ្សង់ទីនរូបនេះជាមួយនឹងទស្សនៈចម្រូងចម្រាសរបស់ពួកគេ។

ការប្តេជ្ញាចិត្តរបស់ Real Madrid និងសម្ពាធពី FIFA
ជាចុងក្រោយ ក្រុម ‘Merengues’ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងទម្រង់នៃការរើសអើងគ្រប់ប្រភេទ ជាពិសេសការរើសអើងពូជសាសន៍ ទាំងក្នុងសង្គម និងបាល់ទាត់៖ “Real Madrid នឹងបន្តធ្វើការដោយសហការជាមួយគ្រប់ស្ថាប័នទាំងអស់ ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ អំពើហិង្សា និងការស្អប់ខ្ពើមក្នុងវិស័យកីឡា និងសង្គម។”

គួរបញ្ជាក់ផងដែរថា UEFA បានប្រកាសរួចហើយថា ខ្លួនកំពុង “ពិនិត្យឡើងវិញនូវអ្វីដែលបានកើតឡើង” ដោយសំដៅលើពាក្យសម្តីរើសអើងពូជសាសន៍ដែល Prestianni ត្រូវបានចោទប្រកាន់។ ចំណែក Kylian Mbappe បានលាតត្រដាងកាន់តែច្បាស់ថាកីឡាករ Benfica រូបនេះបានហៅមិត្តរួមក្រុមប្រេស៊ីលរបស់គេថាជា “សត្វស្វា” រហូតដល់ទៅ ៥ ដង ដោយយកអាវមកបាំងមាត់។ ពេលនោះ Vini បានរាយការណ៍រឿងនេះភ្លាមៗទៅកាន់អាជ្ញាកណ្តាល ដែលឈានដល់ការផ្អាកការប្រកួត និងអនុវត្តវិធានការប្រឆាំងការរើសអើង (Racism Protocol) តែម្តង។

ស្របពេលជាមួយគ្នានេះ ប្រធានស្ថាប័ន FIFA លោក Gianni Infantino កាលពីថ្ងៃពុធកន្លងទៅ បានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងឲ្យ “ភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការ និងនាំខ្លួនអ្នកទទួលខុសត្រូវមកផ្តន្ទាទោសឲ្យបាន។”

Last Post