Real Betis កៀកពិន្ទុ Atletico មកត្រឹម ៤ គ្រាប់ ក្រោយ Atletico ត្រូវ Rayo លត់យ៉ាងចាស់ដៃ
Real Betis បានកាត់បន្ថយគម្លាតពិន្ទុពីក្រុម Atletico Madrid មកនៅត្រឹម ៤ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេបានយកឈ្នះ Mallorca ២-១ ខណៈដែល Atletico ត្រូវ Rayo Vallecano លត់យ៉ាងចាស់ដៃ។
Atletico បានធ្លាក់មកចំណាត់ថ្នាក់លេខ ៤ ក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរនៅកីឡដ្ឋាន Butarque របស់ Leganes (ជាកន្លែងដែល Rayo ខ្ចីធ្វើម្ចាស់ផ្ទះ ដោយសារបញ្ហាទីលាននៅ Vallecas)។ ចំណែកឯក្រុមលេខ ៥ Real Betis វិញ ធ្វើបានសម្រេចក្នុងការកៀកពិន្ទុ Atletico តាមរយៈជ័យជម្នះ ២-១ លើទឹកដី Mallorca។
ក្រុមមកពីតំបន់ Andalusian មួយនេះ បានបន្តភាពខ្លាំងរបស់ខ្លួនក្រោយឈ្នះ Atletico កាលពីសប្តាហ៍មុន ដោយឈ្នះ ៣ ប្រកួតជាប់ៗគ្នានៅលីគកំពូល ដែលធ្វើឱ្យក្តីស្រមៃដណ្តើមកៅអី Champions League កាន់តែមានសង្ឃឹម។ ក្រុមរបស់លោក Manuel Pellegrini បានឆ្លៀតឱកាសពីការបរាជ័យរបស់ Atletico ដោយយកឈ្នះនៅ Mallorca តាមរយៈគ្រាប់បាល់នៅតង់ទីមួយរបស់ Ez Abde និង Cedric Bakambu។
Vedat Muriqi រកបានមួយគ្រាប់វិញឱ្យម្ចាស់ផ្ទះនៅតង់ទីពីរ ដែលជាគ្រាប់ទី ១៦ របស់គេក្នុងរដូវកាលនេះ (ឈរលេខ ២ ក្នុងតារាងអ្នកស៊ុតបញ្ចូលទី តាមពីក្រោយតែ Kylian Mbappe របស់ Real Madrid ប៉ុណ្ណោះ) ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីជួយក្រុមឡើយ។ ទោះបីជាមានគ្រាប់បាល់ពីខ្សែប្រយុទ្ធជម្រើសជាតិកូសូវ៉ូរូបនេះក៏ដោយ ក៏ Mallorca នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៨ ដោយចាញ់ Rayo មួយពិន្ទុ។
ងាកមកមួយគូទៀត Valencia បានយកឈ្នះ ២-០ ក្នុងជំនួប Derby ទល់នឹង Levante ដើម្បីឡើងទៅលេខ ១៤ ដោយដាច់ពីតំបន់កាត់ចោល ២ ពិន្ទុ។
នៅថ្ងៃចន្ទ ក្រុមការពារតំណែងជើងឯក Barcelona នឹងត្រូវទៅសួរសុខទុក្ខ Girona ដោយមានបំណងដណ្តើមតំណែងកំពូលតារាងមកវិញ បន្ទាប់ពី Real Madrid បានដណ្តើមយកកាលពីថ្ងៃសៅរ៍ តាមរយៈជ័យជម្នះ ៤-១ លើ Real Sociedad។







