PSG ឆ្លងផុតវគ្គ Play-off ទាំងញើសបែកប៉ុនគ្រាប់ពោត ក្រោយស្មើ Monaco ដែលសល់ ១០ នាក់ក្នុងលទ្ធផល ២-២ (សរុប ៥-៤)

ក្រុមម្ចាស់ការពារតំណែងជើងឯកអឺរ៉ុប Paris Saint-Germain (PSG) បានវាយបកពីការនាំមុខ និងរួចផុតពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅចុងម៉ោង ទល់នឹងក្រុមសល់សមាជិកត្រឹម ១០ នាក់ Monaco ដោយបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ សម្រាប់ការប្រកួតជើងទីពីរ នៃវគ្គ Play-off ពានរង្វាន់ Champions League កាលពីថ្ងៃពុធ។ លទ្ធផលនេះបានជួយឱ្យពួកគេឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ តាមរយៈជ័យជម្នះសរុបទាំងពីរជើង (Aggregate) ៥-៤។

កាលពីជើងទីមួយសប្តាហ៍មុន PSG បានវាយបកយកឈ្នះ ៣-២ ទោះបីជាត្រូវគូប្រកួតនាំមុខ ២ គ្រាប់មុនក៏ដោយ ស្របពេលដែល Monaco ក៏មានកីឡាករត្រូវបណ្តេញចេញនៅដើមតង់ទីពីរដូចគ្នា។ សេណារីយ៉ូសម្រាប់ការប្រកួតជើងទីពីរនេះ គឺហាក់មិនខុសគ្នាឡើយ ដោយកីឡាករជម្រើសជាតិបារាំង Maghnes Akliouche បានជួយឱ្យ Monaco នាំមុខនៅតង់ទីមួយ ដែលធ្វើឱ្យលទ្ធផលសរុបត្រលប់មកស្មើគ្នាវិញ។

ចំណុចរបត់នៃការប្រកួត៖ កាតក្រហមប្តូរស្ថានការណ៍
លោកគ្រូបង្វឹក Sebastien Pocognoli របស់ Monaco បានរៀបចំប្រព័ន្ធលេង ៥-៣-១-១ យ៉ាងរឹងមាំ ដោយមាន Akliouche គាំទ្រពីក្រោយខ្សែប្រយុទ្ធកណ្តាល Folarin Balogun។ ទោះបីជា PSG ត្រូវលេងដោយគ្មានវត្តមានម្ចាស់ពាន Ballon d’Or ឆ្នាំមុន Ousmane Dembele (របួសកំភួនជើង) ក៏ដោយ ប៉ុន្តែចំណុចរបត់នៃការប្រកួតបានកើតឡើងនៅតង់ទីពីរ៖

🔸នាទីទី ៥៨ ភាពខ្ជះខ្ជាយរបស់ Monaco៖ ក្រោយស៊ុតចោលឱកាសមាសជាច្រើនលើក កីឡាករ Mamadou Coulibaly របស់ Monaco បានទទួលកាតលឿងទីពីរ (កាតក្រហម) ក្រោយចូលវាយលុកយឺតពេល (Late challenge) ទៅលើ Achraf Hakimi។ នេះធ្វើឱ្យ Monaco សល់ត្រឹម ១០ នាក់ ដូចកាលពីជើងទីមួយដែល Aleksandr Golovin ទទួលបានកាតក្រហមអញ្ចឹងដែរ។

🔸ការវាយបករបស់ PSG៖ ភ្លាមៗក្រោយការពិន័យកាតក្រហម ការទាត់បាល់ហ្វ្រីឃីកខ្លីបញ្ជូនទៅកាន់ Desire Doue នៅស្លាបស្តាំ បានបង្កើតឱកាសឱ្យប្រធានក្រុម Marquinhos ស៊ុតតាមស្មើ ១-១ ពីចម្ងាយជិតយ៉ាងងាយស្រួល។

🔸គ្រាប់បាល់នាំមុខ៖ សន្ទុះនៃការប្រកួតបានធ្លាក់មកលើ PSG ទាំងស្រុង ហើយនៅនាទីទី ៦៦ ការស៊ុតយ៉ាងខ្លាំងរបស់ Hakimi ត្រូវបានអ្នកចាំទី Philipp Koehn ជួយសង្គ្រោះបាន តែសំណាងអាក្រក់បាល់ផ្លាតធ្លាក់ចំជើង Khvicha Kvaratskhelia ស៊ុតបន្ថែមទម្លាយសំណាញ់ទីយកការនាំមុខ ២-១។

ភាពតានតឹងចុងម៉ោង និងក្តីសង្ឃឹមនៅសល់របស់ PSG
Monaco ស្ទើរតែអាចទាញការប្រកួតនេះចូលដល់ម៉ោងបន្ថែម (Extra time) ទៅហើយ នៅពេលដែលកីឡាករបម្រុង Jordan Teze ស៊ុតតាមស្មើ ២-២ នៅនាទីបន្ថែមចុងម៉ោង ហើយកីឡាករ Wout Faes ថែមទាំងស្ទើរតែអាចរកបានមួយគ្រាប់ទៀតផងដែរ ប៉ុន្តែមិនសម្រេច។ ទីបំផុត Monaco ត្រូវហាលអាវត្រឹមវគ្គ Play-off នេះ ២ រដូវកាលជាប់ៗគ្នា ខណៈក្តីស្រមៃការពារតំណែងជើងឯករបស់ PSG នៅតែបន្ត។

ក្រុមរបស់លោក Luis Enrique នឹងត្រូវរង់ចាំអ៊ុតលទ្ធផលចាប់ឆ្នោតនៅថ្ងៃសុក្រនេះ ដើម្បីដឹងពីគូប្រជែងបន្ទាប់របស់ពួកគេក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Budapest ដោយគូប្រជែងនៅវគ្គ ១៦ ក្រុមចុងក្រោយនេះអាចជា Barcelona ឬ Chelsea។ គួររំលឹកថា PSG ធ្លាប់យកឈ្នះ Barca ២-១ ក្រៅដីក្នុងវគ្គ League Phase កាលពីខែតុលា និងធ្លាប់ចាញ់ Chelsea ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup កាលពីឆ្នាំមុន។

Last Post