ទម្រង់លេងក្នុងដីរបស់ Newcastle ក្នុងរដូវកាលនេះ ហាក់មិនសូវអំណោយផលដូចបណ្តាឆ្នាំមុនៗនោះទេ ប៉ុន្តែពួកគេត្រូវតែបង្ហាញទម្រង់លេងដ៏អស្ចារ្យបំផុតមួយ ប្រសិនបើចង់បន្តដំណើរក្នុងពានរង្វាន់អឺរ៉ុប ខណៈដែលក្រុមខ្លាំង Barcelona កំពុងធ្វើដំណើរមកកាន់ទឹកដី St. James’ Park។
ជាទូទៅ ការយកឈ្នះក្នុងជំនួបពីរជើង (Knockout) គឺអាស្រ័យលើការធ្វើបានល្អក្នុងដីខ្លួនឯង ប៉ុន្តែសម្រាប់ជំនួបនេះ ស្ថិតិក្នុងដីរបស់ក្រុមទាំងពីរមានភាពខុសគ្នាដាច់ស្រឡះតែម្តង។
កាលពីមុន កីឡដ្ឋាន St. James’ Park គឺជាទីតាំងដ៏ព្រឺព្រួចបំផុតសម្រាប់ក្រុមភ្ញៀវ ជាពិសេសក្នុងប្រកួតសំខាន់ៗ។ ប៉ុន្តែក្នុងរដូវកាលនេះ ក្រុម “សារិកាព្រៃ” ឈ្នះត្រឹមតែជាង 60% ប៉ុណ្ណោះនៃរាល់ការប្រកួតក្នុងដីគ្រប់កម្មវិធី។ ផ្ទុយទៅវិញ សម្រាប់ Barcelona ស្ថិតិក្នុងដីរបស់គេគឺខ្ពស់ដល់ទៅ 95% (ឈ្នះ ១៩ និងចាញ់តែ ១ ក្នុងចំណោម ២០ ប្រកួត)។
អ្វីដែលកាន់តែអាក្រក់សម្រាប់ Newcastle នោះគឺក្នុងជំនួបធំៗ (Big Match) ប៉ះក្រុមដូចជា Liverpool, Arsenal, Man City, Man Utd, Chelsea និង Barcelona ពួកគេឈ្នះបានតែ ២ ដងប៉ុណ្ណោះ ក្នុងចំណោម ៨ ប្រកួត។ សូម្បីតែពិន្ទុដែល Barca រកបានពេលលេងក្រៅដីក្នុងលីគ ក៏នៅតែច្រើនជាងពិន្ទុដែល Newcastle រកបានក្នុងដីខ្លួនឯងដែរ។ តួលេខទាំងនេះបង្ហាញថា ការលេងក្នុងដីជើងទី១ នេះ ប្រហែលជាមិនមែនជាការផ្តល់ភាពកក់ក្តៅដល់ម្ចាស់ផ្ទះ ដូចដែលគ្រប់គ្នាបានរំពឹងទុកនោះទេ។
កាលពីដើមរដូវកាល Barcelona ធ្លាប់បានយកឈ្នះ Newcastle ២-១ រួចមកហើយ ដែលវាជាមេរៀនដ៏សំខាន់សម្រាប់ក្រុមទាំងពីរ៖
បញ្ហារបស់ Newcastle៖ កាលនោះ Newcastle ពិតជាត្រដរខ្យល់ក្នុងការទប់ទល់នឹងការវាយសម្រុកតាមស្លាប និងល្បឿននៃការផ្ទេរបាល់ដ៏លឿនរបស់ Barca។ នៅចុងម៉ោង ពួកគេក៏បាត់បង់ម្ចាស់ការដោយសារតែការគ្រប់គ្រងបាល់ដ៏លើសលប់របស់គូប្រកួត។
ចំណុចខ្សោយរបស់ Barca៖ ក្រុមអ្នកមានបុណ្យហាក់នៅមានបញ្ហាក្នុងការទប់ទល់នឹងការលេងបែបកម្លាំងបាយ (Physicality) ហើយកាលនោះពួកគេមិនទាន់បានជួបការសាកល្បងជាមួយខ្សែប្រយុទ្ធដែលមានមាឌធំ និងខ្ពស់នៅឡើយទេ ដោយសារ Anthony Gordon ជាអ្នកដឹកនាំតំបន់ប្រយុទ្ធ។
សំណួរដ៏ធំគឺ៖ តើលោក Eddie Howe នឹងហ៊ានដាក់ខ្សែប្រយុទ្ធមាឌយក្ស Nick Woltemade ឱ្យចូលលេង ដើម្បីបង្កការរំខានដល់តំបន់ការពាររបស់ Barcelona ដែរឬទេ?







