🟠Mkhitaryan វ័យ ៣៧ឆ្នាំ និង Akanji ស៊ុតចុងម៉ោងជួយ Inter លត់ Lecce ២-០, បន្តដាក់សម្ពាធធ្ងន់លើ AC Milan
ក្រុម “ពស់វែក” Inter Milan ក្រោមការដឹកនាំរបស់លោក Cristian Chivu បានជួបការលំបាកក្នុងការទម្លុះរបាំងការពារដ៏រឹងមាំរបស់ម្ចាស់ផ្ទះ Lecce ប៉ុន្តែខ្សែបម្រើវ័យ ៣៧ ឆ្នាំ Henrikh Mkhitaryan និងខ្សែការពារ Manuel Akanji បានស៊ុតបញ្ចូលទីនៅចុងម៉ោង ដើម្បីជួយក្រុមទទួលបានជ័យជម្នះ និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើក្រុមលេខ ២ AC Milan មុនពេលពួកគេត្រូវប៉ះ Parma នៅថ្ងៃអាទិត្យនេះ។
បើទោះបីជាទើបតែភ្លាត់ចាញ់ក្រុមន័រវែស Bodo/Glimt ៣-១ យ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតជើងទីមួយនៃវគ្គ Play-off ពានរង្វាន់ Champions League កាលពីពាក់កណ្តាលសប្តាហ៍ក៏ដោយ ប៉ុន្តែឥឡូវនេះ Inter បានឈ្នះ ៧ ប្រកួតជាប់ៗគ្នានៅក្របខ័ណ្ឌ Serie A។ ពេលនេះ ការចាប់អារម្មណ៍ទាំងអស់គឺងាកទៅរកការប្រកួតជើងទីពីរទល់នឹង Bodo នៅថ្ងៃអង្គារខាងមុខ ខណៈដែលក្រុមជើងឯករងកាលពីរដូវកាលមុនមួយនេះ កំពុងប្រឹងប្រែងដើម្បីបន្តដង្ហើមក្នុងពានរង្វាន់អឺរ៉ុបរបស់ខ្លួន។
លោក Chivu បានប្រាប់សារព័ត៌មាន DAZN ទាក់ទងនឹងការប្រកួតនៅអឺរ៉ុបនោះថា៖ “យើងដឹងពីការលំបាក យើងត្រូវតែប្រឹងប្រែងយកគ្រប់យ៉ាងនៅលើទីលាន ហើយមិនអាចធ្វេសប្រហែសបានឡើយ។ យើងត្រូវតែបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់យើង ព្រោះឱកាសឡើងវគ្គបន្តនៅតែបើកចំហរ។ អ្វីៗមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។”
Inter ទទួលបានកម្លាំងចិត្តបន្ថែម បន្ទាប់ពីគូប្រជែង AC Milan បានត្រឹមស្មើជាមួយ Como កាលពីថ្ងៃពុធ ហើយជ័យជម្នះលើ Lecce នេះ កាន់តែធ្វើឱ្យពួកគេក្តាប់បានប្រៀបខ្លាំងក្នុងការប្រជែងពានរង្វាន់ ខណៈដែលពួកគេកំពុងសម្លឹងមើលការដណ្តើមពាន ‘Scudetto’ ត្រឡប់មកវិញពីក្រុម Napoli។
ដំណើរការប្រកួតដ៏តានតឹង
🔸តង់ទីមួយ៖ ខ្សែការពារស្លាប Luis Henrique របស់ Inter ស្ទើរតែរកគ្រាប់បាល់បានតាំងពីដើមតង់ ប៉ុន្តែត្រូវបានខ្សែការពារ Jamil Siebert របស់ Lecce ជួយទាត់ចេញពីលើបន្ទាត់ទី មុនពេលអ្នកចាំទីម្ចាស់ផ្ទះ Wladimiro Falcone សង្គ្រោះការស៊ុតរបស់ Pio Esposito បានយ៉ាងល្អ។ Falcone បានបន្តសង្គ្រោះការតែតរបស់ Esposito ម្តងទៀតនៅនាទីទី ៣៦ ហើយបន្ទាប់មក Davide Frattesi ក៏ស៊ុតរំលងរបារទីបន្តិច។
🔸ការបដិសេធរបស់ VAR៖ ចូលដល់តង់ទីពីរបាន ៦ នាទី Inter ស្មានតែរកគ្រាប់បាល់បានទៅហើយ ប៉ុន្តែការស៊ុតបញ្ចូលទីរបស់ Federico Dimarco ត្រូវបានបដិសេធវិញ បន្ទាប់ពីប្រព័ន្ធ VAR ពិនិត្យឃើញថា Marcus Thuram ស្ថិតក្នុងជំហរ Offside បន្តិចបន្តួចក្នុងចង្វាក់បង្កើតឱកាសនោះ។
🔸គ្រាប់បាល់ចុងម៉ោងដ៏មានតម្លៃ៖ ទោះជាយ៉ាងណា ក្រុមភ្ញៀវទីបំផុតអាចបំប្លែងការគ្រប់គ្រងការប្រកួតរបស់ខ្លួនទៅជាគ្រាប់បាល់បានសម្រេច នៅសល់ ១៥ នាទីចុងក្រោយ នៅពេលដែលកីឡាករចាស់វស្សា Mkhitaryan ស៊ុតបាល់ទម្លាក់ (Half-volley) ទម្លុះហ្វូងកីឡាករក្នុងប្រអប់គ្រោះថ្នាក់ចូលទីយ៉ាងស្អាត។ បន្ទាប់មក Inter បានស៊ុតបិទគូទការប្រកួតនៅ ៨ នាទីចុងក្រោយ នៅពេលដែល Akanji តែតបាល់បញ្ចូលទីពីការលើកបាល់ជ្រុងរបស់ Dimarco។







