Mbappe ទាមទារឱ្យ UEFA ដាក់ពិន័យធ្ងន់ធ្ងរបំផុតលើ Prestianni រឿងជេរប្រមាថ Vinicius
Kylian Mbappe បានអំពាវនាវឱ្យ UEFA ដាក់ពិន័យធ្ងន់ធ្ងរបំផុតតាមដែលអាចធ្វើទៅបានទៅលើខ្សែបម្រើអាហ្សង់ទីនរបស់ Benfica គឺ Gianluca Prestianni។ ការប្រកួតទល់នឹង Real Madrid ត្រូវបានផ្អាកអស់រយៈពេល ១០ នាទី បន្ទាប់ពី Prestianni ត្រូវបានចោទប្រកាន់ថាបានប្រើពាក្យសំដីរើសអើងពូជសាសន៍ទៅលើ Vinicius Junior។ Mbappe បានអះអាងថា Prestianni បានហៅ Vinicius ថា “ស្វា” (Monkey) ចំនួន ៥ ដង ខណៈពេលព្យាយាមយកអាវមកខ្ទប់មាត់។
+1
នៅក្នុងតំបន់ផ្តល់បទសម្ភាសន៍ (Mixed Zone) នៅកីឡដ្ឋាន Da Luz ខ្សែប្រយុទ្ធរូបនេះបានថ្លែងថា៖ “អ្វីដែលខ្ញុំបានឃើញគឺច្បាស់ណាស់ កីឡាករលេខ ២៥ បានប្រាប់ ‘Vini’ ៥ ដងថាគេគឺជាសត្វស្វា។ មនុស្សគ្រប់គ្នាមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែពួកយើងកំពុងបង្ហាញពីការពិត ហើយយើងទាំងអស់គ្នាត្រូវតែរួបរួមគ្នា។ ទង្វើបែបនេះគឺមិនអាចទទួលយកបានទេ។ វាជាកិត្តិយសដែលបានលេងក្នុង Champions League ប៉ុន្តែការបង្ហាញរូបភាពបែបនេះ គឺជាស្នាមប្រឡាក់ក្នុងវិស័យបាល់ទាត់ពិភពលោក។”
Mbappe បានបន្ថែមថា៖ “ខ្ញុំបានហៅគេថាជាអ្នករើសអើងពូជសាសន៍ ព្រោះនោះជាអ្វីដែលខ្ញុំជឿជាក់។ អ្នកគ្រាន់តែមើលមុខគេទៅគឺដឹងហើយ គេមានចេតនាច្បាស់លាស់ ដោយយកអាវមកបិទមាត់ ប៉ុន្តែកាយវិការរបស់គេមិនអាចកុហកបានទេ។ មនុស្សប្រភេទនេះមិនមែនជាមិត្តរួមអាជីពរបស់យើងទេ។ យើងនឹងមិនបណ្តោយឱ្យរឿងនេះកន្លងផុតទៅទេ។ កីឡាកររូបនេះនៅក្មេងមែន ប៉ុន្តែគេមិនអាចទទួលបានសិទ្ធិនិយាយពាក្យបែបនេះនៅលើទីលានបាល់ទាត់ឡើយ។ វាជាបញ្ហាធំ ហើយយើងនឹងចាំមើលថាមានអ្វីកើតឡើងបន្តទៀត។”
Mbappe បានទទួលស្គាល់ថា Vinicius មានការ “តូចចិត្តយ៉ាងខ្លាំង” បន្ទាប់ពីក្លាយជាគោលដៅនៃការរើសអើងម្តងទៀត ប៉ុន្តែរូបគេបានសរសើរភាពរឹងមាំរបស់មិត្តរួមក្រុម និង “គ្រាប់បាល់ដ៏អស្ចារ្យដែលនាំមកនូវជ័យជម្នះ”។
ប្រធានក្រុមបារាំងរូបនេះបានបន្តថា៖ “ពួកយើងមានទំនួលខុសត្រូវក្នុងការធ្វើជាគំរូដល់កុមារទាំងអស់ដែលកំពុងទស្សនា។ បញ្ហានេះកើតឡើងញឹកញាប់ពេកហើយ… ខ្ញុំមានមិត្តភក្តិជនជាតិព័រទុយហ្គាល់ជាច្រើនដែលតែងតែផ្តល់ការគោរពដល់ខ្ញុំ ប៉ុន្តែនៅពេលបុគ្គលម្នាក់មានចរិតបែបនេះ យើងត្រូវតែនិយាយចេញមក។ អ្នកគាំទ្រស្រែកហ៊ោ (Boo) ដាក់យើងដោយសារពួកគេមិនដឹងថាមានរឿងអ្វីកើតឡើង។ ខ្ញុំមិនមានបញ្ហាអ្វីជាមួយក្លឹបដ៏ធំបំផុតនៅព័រទុយហ្គាល់ ឬអ្នកចាត់ការរបស់ពួកគេដែលជាគ្រូល្អបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែត្រូវតែមានចំណាត់ការ។ កីឡាករបែបនេះមិនសមនឹងបង្ហាញខ្លួនក្នុង Champions League ម្តងទៀតទេ។ យើងរំពឹងថា UEFA នឹងចាត់វិធានការ ហើយមិនគ្រាន់តែអះអាងថាមិនមានអ្វីកើតឡើងនោះទេ។ នេះជារឿងធ្ងន់ធ្ងរណាស់។”
សម្រាប់ Mbappe លទ្ធផលការប្រកួតគឺជារឿងបន្ទាប់បន្សំ បើទោះបីជា Real Madrid ឈ្នះ ១-០ ដែលជាលទ្ធផលជួយឱ្យពួកគេកៀកនឹងកៅអីវគ្គជម្រុះធ្លាក់ (Knockout stages) នៃ Champions League ក៏ដោយ។ គេបានបញ្ចប់ថា៖ “យើងបានឈ្នះការប្រកួត ប៉ុន្តែនោះមិនមែនជារឿងសំខាន់ទេ មានរឿងជាច្រើនដែលសំខាន់ជាងបាល់ទាត់ទៅទៀត។”







