Lyon បន្តជ័យជម្នះ ១៣ ប្រកួតជាប់គ្នា ខណៈ Lens ដណ្តើមកំពូលតារាងពី PSG
ក្រុមរបស់លោក Paulo Fonseca (Lyon) ពេលនេះបានដាច់ពិន្ទុពីក្រុមលេខ ៤ Marseille ចំនួន ៥ ពិន្ទុហើយ ក្នុងការប្រជែងយកកៅអី Champions League ស្វ័យប្រវត្តិ។ ជ័យជម្នះលើកទី ១៣ ជាប់ៗគ្នានេះ ក៏ជួយរក្សាក្តីសង្ឃឹមដ៏តិចតួចក្នុងការប្រជែងពានរបស់អតីតជើងឯកបារាំង ៧ សម័យកាលមួយនេះផងដែរ។
ចំណែកឯ Lens បានដណ្តើមយកកំពូលតារាងមកវិញកាលពីថ្ងៃសៅរ៍ ដោយលត់ Paris FC យ៉ាងចាស់ដៃ ៥-០ បន្ទាប់ពី PSG បានបើកដៃឱ្យដោយភ្លាត់ស្នៀតចាញ់ Rennes ៣-១ កាលពីថ្ងៃសុក្រ។
ការប្រកួតរវាង Lyon និង Nice:
Lyon រកគ្រាប់បាល់បំបែកពងមាន់ទល់នឹង Nice នៅម៉ោងបន្ថែមតង់ទីមួយ តាមរយៈការវាយបកយ៉ាងលឿនដែលបញ្ចប់ទីនៅបង្គោលទីពីរដោយ Tolisso។ នេះជាគ្រាប់ទី ៥០ របស់គេសម្រាប់ក្លឹប។
ចូលដល់តង់ទីពីរ ក្រុមទាំងពីរបានបាត់បង់ឱកាសល្អៗជាច្រើន។ ខ្សែបម្រើស្លាប Tom Louchet របស់ Nice ស៊ុតបាល់ទាបត្រូវបានអ្នកចាំទី Dominik Greif សង្គ្រោះបាន មុនពេលខ្សែប្រយុទ្ធ Pavel Sulc របស់ Lyon បាញ់បាល់កោងខុសទីបន្តិច។ ម្ចាស់ផ្ទះ Lyon បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅនាទីទី ៦៥ ភ្លាមៗបន្ទាប់ពីអាជ្ញាកណ្តាលបដិសេធសំណើសុំបាល់ប៉េណាល់ទីរបស់ Nice លើករណីបង្កកំហុសលើ Kail Boudache។
បន្ទាប់មក Sulc បានអូសបាល់ដាច់មាត់ហើយបញ្ជូន (Assist) ឱ្យ Noah Nartey ដែលបានបោកខ្សែការពារពីរនាក់ មុននឹងស៊ុតបញ្ចូលទីយ៉ាងស្អាត។
លទ្ធផលគូផ្សេងទៀត:
Auxerre ដែលកំពុងស្ថិតក្នុងតំបន់ Play-off កាត់ចោល បានបង្កើនក្តីសង្ឃឹមក្នុងការរស់រានមានជីវិតនៅលីគកំពូល ក្រោយយកឈ្នះក្រុមបាតតារាង Metz ៣-១។
Lorient ដែលទើបឡើងពីលីគទីពីររដូវកាលមុន បានខិតមកនៅត្រឹម ៣ ពិន្ទុពីតំបន់កៅអីអឺរ៉ុប ដោយបានយកឈ្នះ Angers ២-០ ដែលជាជ័យជម្នះលើកទី ៤ ក្នុងចំណោម ៥ ប្រកួតចុងក្រោយ។







