ក្រុម Galatasaray បានឆ្លងផុតទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទាំងប្រផិតប្រផើយ ទោះបីជាបានខ្ជះខ្ជាយការនាំមុខ ៣ គ្រាប់ (សរុបទាំងពីរជើង) ពេលប៉ះក្រុមសល់សមាជិក ១០ នាក់ Juventus កាលពីថ្ងៃពុធក៏ដោយ។ គ្រាប់បាល់ ២ គ្រាប់នៅម៉ោងបន្ថែម (Extra-time) បានជួយកាត់បន្ថយការបរាជ័យរបស់តំណាងពីតួកគីមួយនេះត្រឹម ៣-២ សម្រាប់ការប្រកួតជើងទីពីរ។
ខ្សែប្រយុទ្ធ Victor Osimhen និង Baris Yilmaz គឺជាអ្នករកគ្រាប់បាល់នៅម៉ោងបន្ថែម ដែលជួយឱ្យ Galatasaray ឈ្នះការប្រកួតដ៏រំភើបនេះក្នុងលទ្ធផលសរុបទាំងពីរជើង (Aggregate) ៧-៥ ហើយនឹងត្រូវឡើងទៅជួប Liverpool ឬ Tottenham Hotspur នៅជុំបន្ទាប់។
សំណាងរបស់ Galatasaray និងរឿងចម្រូងចម្រាសរបស់កាតក្រហម
ការបង្ហាញខ្លួនចុងក្រោយរបស់ Galatasaray ក្នុងវគ្គ ១៦ ក្រុមនៃពានរង្វាន់លំដាប់កំពូលអឺរ៉ុបនេះ គឺកាលពីឆ្នាំ ២០១៤។ ពួកគេពិតជាមានសំណាងណាស់ដែលបានឆ្លងផុតវគ្គនេះ សូម្បីតែពេលដែល Juventus ត្រូវលេងដោយសល់ត្រឹម ១០ នាក់ស្ទើរតែពេញមួយការប្រកួតទៅហើយក្តី។
ក្រុមសេះបង្កង់ Juve បានបើកការនាំមុខតាមរយៈបាល់ប៉េណាល់ទីរបស់ Manuel Locatelli នៅនាទីទី ៣៧។ ប៉ុន្តែរឿងហេតុបានប្រែប្រួលនៅដើមតង់ទីពីរ ពេលដែលខ្សែការពារ Lloyd Kelly ទទួលបានកាតក្រហមដោយផ្ទាល់យ៉ាងចម្រូងចម្រាស បន្ទាប់ពីលោតចុះមកជាន់កែងជើងរបស់ Yilmaz។
ដំបូងឡើយ Kelly ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងពេលទទួលបានកាតលឿងទីពីរ។ ប៉ុន្តែគេកាន់តែខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្តាលលោក Joao Pinheiro បានទៅឆែកមើលអេក្រង់ VAR រួចប្តូរពីកាតលឿងទីពីរ មកជាកាតក្រហមដោយផ្ទាល់តែម្តង។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេថតជាប់ពេលកំពុងស្រែកតវ៉ាថា ការសម្រេចចិត្តនេះគឺជា “ភាពគួរឱ្យអាម៉ាស់” ខណៈដែលអ្នកចាត់ការ Juve លោក Luciano Spalletti ឈរមើលទាំងស្រឡាំងកាំងនៅក្បែរទីលាន។
ការវាយបករបស់សេះបង្កង់ និងការសម្លាប់ក្តីសង្ឃឹមនៅម៉ោងបន្ថែម
ការកាត់សេចក្តីនេះហាក់ដូចជាបានសម្លាប់ឱកាសវាយបករបស់ Juve ទៅហើយ ប៉ុន្តែ Federico Gatti បានស៊ុតតាមពីក្រោយមួយគ្រាប់ទៀតនៅសល់ ២០ នាទីចុងក្រោយ។ ១២ នាទីបន្ទាប់មក ក្រោយពី Kenan Yildiz ស៊ុតបុកបង្គោលទីយ៉ាងកៀក Weston McKennie ក៏បានតែតតាមស្មើលទ្ធផលសរុប (Aggregate) ជូនម្ចាស់ផ្ទះ ដើម្បីអូសបន្លាយការប្រកួតដល់ម៉ោងបន្ថែម។
ចូលដល់ម៉ោងបន្ថែមនាទីទី ៦ កីឡាករ Edon Zhegrova របស់ Juve បានត្រឹមយកដៃឱបក្បាលស្តាយក្រោយ ពេលដែលគេស៊ុតខុសគោលដៅទាំងស្រុងនូវឱកាសមាសដើម្បីបញ្ចប់ការវាយបកដ៏អស្ចារ្យនេះ។ ភ្លាមៗនោះ Osimhen ក៏បានដាក់ទណ្ឌកម្ម Juve វិញដោយស៊ុតបញ្ចូលទីយ៉ាងល្អពីឱកាសដ៏ល្អបំផុតរបស់គេ។ ក្រោយមក Yilmaz បានស៊ុតមួយគ្រាប់ទៀត បញ្ចប់ក្តីសង្ឃឹមរបស់ Juve ក្នុងការអូសបន្លាយដល់វគ្គទាត់ប៉េណាល់ទី។
គួររំលឹកថា Galatasaray បានចាយលុយយ៉ាងសន្ធឹកសន្ធាប់កាលពីរដូវក្តៅមុន រួមទាំងការចំណាយ ៧៥ លានអឺរ៉ូ ដើម្បីយក Osimhen ពីគូប្រជែងរួមលីគរបស់ Juve គឺក្រុម Napoli។
ទម្រង់លេងដែលរងការរិះគន់
អនុប្រធានក្លឹប Galatasaray លោក Abdullah Kavukcu បានបង្ហាញភាពជឿជាក់យ៉ាងខ្លាំងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអះអាងថាក្លឹបនឹងទិញយកខ្សែបម្រើ Inter Milan លោក Hakan Calhanoglu។
ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់ពួកគេកាលពីថ្ងៃពុធ ហាក់ពោរពេញទៅដោយភាពអវិជ្ជមានជាងគុណភាព ដោយកីឡាករ Gala ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីទាញពន្យារពេល និងធ្វើពុតយកកំហុស ដែលធ្វើឱ្យគេនឹកឃើញដល់ទម្រង់លេងរបស់ក្រុមអ៊ីតាលីនាសម័យមុនទៅវិញ។







