Dembeleនិយាយថា ៖ ក្រុម PSG ជាចំណុចអាទិភាព មិនមែនកីឡាករបុគ្គលនោះទេ

Dembele

Ousmane Dembélé បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់ Paris Saint-Germain បន្ទាប់ពីបរាជ័យ 3-1 ក្រៅដីទល់ Rennes ដោយអះអាងថា កីឡាករទាំងអស់ត្រូវដាក់ក្លឹបជាចំណុចអាទិភាព មុនគិតពីខ្លួនឯង។

PSG បានចាញ់ Rennes 3-1 កាលពីយប់ថ្ងៃសុក្រ ដែលលទ្ធផលនេះ អាចបើកឱកាសអោយ Lens ត្រឡប់ឡើងកាន់កំពូលតារាង Ligue 1 ប្រសិនបើពួកគេឈ្នះការប្រកួតបន្ទាប់។

ក្រោមការដឹកនាំរបស់ Luis Enrique PSG បង្កើតឱកាសស៊ុតដល់ទៅ 3.62 Expected Goals (xG) ប៉ុន្តែអាចរកបានត្រឹម 1 គ្រាប់ប៉ុណ្ណោះ។ នេះគឺជាការប្រកួតទី 2 ដែល PSG បង្កើតឱកាសច្រើន ប៉ុន្តែមិនអាចឈ្នះបាន ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បន្ទាប់ពីការប្រកួតទល់ Newcastle United ក្នុង Champions League។

PSG បានចាញ់ដល់ទៅ 6 ប្រកួត បន្ទាប់ពីលេងបាន 35 ប្រកួតគ្រប់ការប្រកួតនៅរដូវកាលនេះ (ឈ្នះ 21 ស្មើ 8) ដែលជាចំនួនបរាជ័យខ្ពស់បំផុត ក្នុងដំណាក់កាលដូចគ្នា ចាប់តាំងពីរដូវកាល 2020-21។

Dembele ដែលជាអ្នកបញ្ចូលគ្រាប់តែមួយគត់អោយ PSG ក្នុងការប្រកួតនេះ ជឿថា មិត្តរួមក្រុមត្រូវបង្ហាញចិត្តប្រយុទ្ធ និងស្មារតីក្រុមអោយបានខ្លាំងជាងនេះ ប្រសិនបើពួកគេចង់ស្ទួនភាពជោគជ័យដូចរដូវកាលមុន។

«យើងចាប់ផ្តើមការប្រកួតបានអាក្រក់ណាស់» Dembele ប្រាប់ Ligue 1+
«Rennes លេងបានល្អ ប៉ុន្តែយើងត្រូវបង្ហាញភាពស្មោះត្រង់ និងបំណងចង់ឈ្នះអោយច្រើនជាងនេះ។
អ្វីសំខាន់បំផុត គឺយើងត្រូវលេងសម្រាប់ PSG។ បើលេងជាបុគ្គល យើងមិនអាចឈ្នះពានដែលយើងចង់បានទេ។
រដូវកាលមុន យើងដាក់ក្លឹបមកមុនគ្រប់យ៉ាង ហើយយើងត្រូវរកអារម្មណ៍នោះវិញ ជាពិសេសនៅពេលនេះ។
PSG ត្រូវមកមុន មិនមែនកីឡាករបុគ្គល»។

ជ័យជម្នះនេះធ្វើអោយ Rennes ឈ្នះ PSG ជាលើកទី 8 ក្នុង Ligue 1 ចាប់តាំងពីសម័យគ្រប់គ្រងរបស់ QSI និងក្លាយជាក្រុមមួយ ដែល PSG ចាញ់ច្រើនបំផុតក្នុងលីគកំពូលអំឡុងពេលនោះ។

Luis Enrique ក៏បានសរសើរ Rennes ចំពោះប្រសិទ្ធភាពលេង ប៉ុន្តែទទួលស្គាល់ថា PSG ត្រូវកែលម្អទម្រង់លេងជាចាំបាច់។

«វាជាការវិភាគដ៏លំបាក ព្រោះយើងគ្រប់គ្រងវគ្គទីមួយបានល្អ និងបង្កើតឱកាសច្រើន ប៉ុន្តែចូលវគ្គសម្រាកដោយតាមពីក្រោយ»
«យើងបង្កើតឱកាសជិត 4 xG ប៉ុន្តែរកបានតែ 1 គ្រាប់ ខណៈ Rennes បង្កើតឱកាសតិច ប៉ុន្តែបញ្ចប់បានប្រសើរ។ ពួកគេសមនឹងឈ្នះ»
«យើងត្រូវធ្វើអោយប្រសើរឡើង ព្រោះលទ្ធផលនេះប៉ះពាល់ដល់ទំនុកចិត្តក្រុម»។

Last Post