Bodo/Glimt បន្តបង្កការភ្ញាក់ផ្អើលដោយលត់ Inter Milan ៣-១ នៅន័រវែស
ក្រុមខ្លាំងរបស់ន័រវែសដែលទើបតែឡើងមកកាន់វគ្គជម្រុះធ្លាក់ (Knock-out stage) ទាំងប្រផិតប្រផើយតាមរយៈការយកឈ្នះក្រុមយក្ស Manchester City និង Atletico Madrid ក្នុងវគ្គចែកពូលនោះ ពេលនេះកូនក្រុមរបស់លោក Kjetil Knutsen បានបន្តភាពខ្លាំងរបស់ខ្លួនដោយយកឈ្នះជើងឯករងឆ្នាំចាស់ Inter Milan បន្ថែមទៀត។
ក្រុមកំពូលតារាង Serie A របស់លោក Cristian Chivu នៅតែមានទំនុកចិត្តថានឹងអាចវាយបកកែប្រែស្ថានការណ៍បាននៅក្នុងជើងទី ២ នៅកីឡដ្ឋាន San Siro នាថ្ងៃអង្គារសប្ដាហ៍ក្រោយ ទោះបីជាពួកគេជួបការលំបាកក្នុងការលេងនៅលើ ទីលានស្មៅសិប្បនិម្មិត នៃកីឡដ្ឋាន Aspmyra Stadion ភាគខាងជើងប្រទេសន័រវែសក៏ដោយ។
ប៉ុន្តែ Bodo/Glimt ដែលជាអតីតក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League រដូវកាលមុន បានបង្កើតឱកាសឱ្យខ្លួនឯងក្នុងការបន្តបង្កការភ្ញាក់ផ្អើល និងឡើងទៅជួប Man City ឬ Sporting Lisbon នៅវគ្គ ១៦ ក្រុម។ ម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខនៅនាទីទី ២០ ពីការសហការគ្នាយ៉ាងល្អ ដែលបញ្ចប់ទីយ៉ាងស្អាតដោយ Sondre Brunstad Fet បន្ទាប់ពីទទួលបាល់កែងយ៉ាងឆ្លាតវៃពី Hogh នៅក្នុងប្រអប់គ្រោះថ្នាក់។
ទោះជាយ៉ាងណា Bodo មិនអាចរក្សាការនាំមុខបានយូរឡើយ ដោយកីឡាករវ័យក្មេងរបស់ Inter គឺ Pio Esposito បានបង្វិលខ្លួនស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី ៣០។ គ្រាប់បាល់នេះត្រូវបានទទួលស្គាល់បន្ទាប់ពីមានការត្រួតពិនិត្យ VAR យ៉ាងយូរទៅលើបាល់ Handball។
Inter ស្ទើរតែរកគ្រាប់បាល់បាននៅដើមតង់ទីពីរ ប៉ុន្តែការស៊ុតរបស់ Lautaro Martinez បានទៅបុកបង្គោលទី។ ក្រុមន័រវែសបានវាយបកនាំមុខវិញនៅនាទីទី ៦១ នៅពេលដែលពួកគេចាប់កំហុសតំបន់ការពាររបស់ Inter ហើយ Jens Petter Hauge បានស៊ុតបាល់យ៉ាងខ្លាំងចូលដំបូលសំណាញ់ បន្ទាប់ពីការបញ្ជូនរបស់ Hogh។
គ្រាប់ទី ៣ របស់ Bodo កើតឡើងត្រឹមតែ ៣ នាទីក្រោយមក នៅពេលដែល Patrick Berg បានលើកបាល់យ៉ាងឆ្លាតវៃឱ្យ Ole Didrik Blomberg ដាច់មាត់ ហើយរូបគេបានបោះកាត់ឱ្យ Hogh គ្រាន់តែប៉ះបាល់បញ្ចូលទីសំណាញ់ទទេតែម្តង។
ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Hogh ពេលនេះរកបាន ៤ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៣ ប្រកួតចុងក្រោយនៅ Champions League បន្ទាប់ពីធ្លាប់ស៊ុត ២ គ្រាប់ដាក់ Man City និងគ្រាប់ជ័យជម្នះលើ Atletico។
Inter បានព្យាយាមវាយបកវិញដើម្បីកាត់បន្ថយគ្រាប់បាល់ ប៉ុន្តែឱកាសល្អបំផុតគឺការស៊ុតរបស់ Carlos Augusto ពីចម្ងាយ ៨ យ៉ាត ត្រូវបានបិទជាប់ ទោះបីជាមានការដាក់សម្ពាធនៅចុងម៉ោងក៏ដោយ។







