Arteta សរសើរការប្រកួតប្រជែងរវាង Saka និង Madueke ខណៈ Arsenal កំពុងសម្រុកយកពាន ៤
Madueke បានទាញយកផលចំណេញយ៉ាងល្អពីការអវត្តមានដោយសាររបួសរបស់ Saka ក្នុងរដូវកាលនេះ ដើម្បីបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងរដូវកាលដំបូងរបស់គេជាមួយក្រុម “កាំភ្លើងធំ” និងក្នុងយុទ្ធនាការជម្រុះ World Cup ដ៏អស្ចារ្យរបស់ក្រុមជម្រើសជាតិអង់គ្លេស។ កន្លងមក Saka គឺជាម្ចាស់តំណែងដែលមិនអាចជំនួសបាននៅតំបន់ស្លាបស្តាំ ទាំងនៅក្លឹប និងជម្រើសជាតិ មុនពេលជួបបញ្ហារបួសញាំញីក្នុងរយៈពេល ១៤ ខែចុងក្រោយនេះ។
ដោយសារទម្រង់លេងដ៏ល្អរបស់ Madueke បូករួមនឹងបញ្ហារបួសរបស់ Martin Odegaard និង Kai Havertz, លោក Mikel Arteta បានសម្រេចចិត្តប្តូរតួនាទី Saka មកលេងនៅតំបន់កណ្តាលវិញ ក្នុងជ័យជម្នះ ៤-០ លើ Wigan ក្នុងពាន FA Cup កាលពីថ្ងៃអាទិត្យ។
លោក Arteta បានបង្ហើបថា អ្នកទាំងពីរមិនត្រឹមតែប្រជែងគ្នានៅលើទីលានទេ សូម្បីតែនៅក្នុងកន្លែងហាត់ប្រាណ (Gym) ក៏ពួកគេប្រកួតប្រជែងគ្នាដែរ ប៉ុន្តែនៅក្រៅទីលានពួកគេគឺជាមិត្តដ៏ល្អនឹងគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹង Wolves នៅថ្ងៃពុធនេះ លោក Arteta បានមានប្រសាសន៍ថា៖ “ពួកយើងនៅក្នុង Gym ហើយពួកគេបានធ្វើតេស្តកម្លាំងគ្នា។ គ្រប់គ្នាមើលទៅចង់ប្រកួតប្រជែងគ្នាណាស់ ហើយអ្នកទាំងពីរគឺតែងតែបង្កសំណើចដូចសព្វមួយដង។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញបែបនេះ ព្រោះវាជាចរិតធម្មជាតិរបស់អ្នកប្រយុទ្ធ។ ពួកគេចូលចិត្តគ្នាណាស់ ទៅណាមកណាជាមួយគ្នា ប៉ុន្តែនៅតែមានការប្រកួតប្រជែងដណ្តើមតំណែងគ្នា។ ក្រុមទាំងមូលទទួលបានផលចំណេញពីចំណុចនេះ។”
ស្ថានភាពក្រុម និងក្តីស្រមៃ Quadruple (ពាន ៤)
Arsenal មានឱកាសពង្រីកគម្លាតនាំមុខ Manchester City ដល់ទៅ ៧ ពិន្ទុ នៅកំពូលតារាង Premier League ប្រសិនបើពួកគេយកឈ្នះក្រុមបាតតារាង Wolves បាន។ កូនក្រុមរបស់ Arteta កំពុងខិតជិតទៅរកការគ្រងជើងឯកលីគកំពូលលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ និងអាចបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបច្ចុប្បន្នពួកគេនៅមានឱកាសឈ្នះពានរហូតដល់ទៅ ៤ (Unprecedented Quadruple)។
🔹League Cup: ត្រូវប៉ះ Man City នៅវគ្គផ្តាច់ព្រ័ត្រខែក្រោយ។
🔹FA Cup: ត្រូវធ្វើដំណើរទៅជួប Mansfield (League One) នៅជុំទី ៥។
🔹Champions League: ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងកំណត់ត្រាឈ្នះ ១០០%។
Arteta បានបន្ថែមថា៖ “ស្ថានភាពដែលយើងកំពុងឈរជើងនេះ គឺជាកិត្តិយសមួយ ហើយយើងទទួលយកវាព្រោះយើងសមនឹងទទួលបានវា។ ៧ ខែកន្លះគឺជាពេលវេលាដ៏យូរក្នុងការធ្វើរឿងត្រឹមត្រូវជារៀងរាល់ថ្ងៃ និងរក្សាកម្រិតនៃការលេង។ យើងត្រូវតែឱបក្រសោបឱកាសនេះ។”
ព័ត៌មានកីឡាកររបួស
🔸Odegaard និង Havertz: នឹងអវត្តមានក្នុងការធ្វើដំណើរទៅទឹកដី Molineux របស់ Wolves ប៉ុន្តែលោក Arteta សង្ឃឹមថាអ្នកទាំងពីរអាចនឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួត North London Derby ទល់នឹង Tottenham នៅថ្ងៃអាទិត្យ។
🔸Riccardo Calafiori និង Ben White: អាចចូលលេងបានវិញហើយសម្រាប់ការប្រកួតថ្ងៃពុធនេះ បន្ទាប់ពីមានការព្រួយបារម្ភពីរបួសក្នុងការប្រកួតទល់នឹង Wigan៕







