Arteta ជំរុញស្មារតីកូនក្រុមឱ្យបំភ្លេចរឿងអតីតកាល មុនការប្រកួតទល់នឹង Tottenham ខណៈរងសម្ពាធពី Man City

Arteta

Arteta ជំរុញស្មារតីកូនក្រុមឱ្យបំភ្លេចរឿងអតីតកាល មុនការប្រកួតទល់នឹង Tottenham ខណៈរងសម្ពាធពី Man City

ក្រុមរបស់លោក Mikel Arteta ធ្លាប់បានក្ដាប់ប្រៀបយ៉ាងរឹងមាំក្នុងយុទ្ធនាការប្រជែងពានលីគកំពូលអង់គ្លេសជាលើកដំបូងតាំងពីឆ្នាំ ២០០៤ មក ប៉ុន្តែក្រុមកំពូលតារាងមួយនេះបានបណ្ដោយឱ្យក្រុមលេខ ២ Manchester City កាត់បន្ថយគម្លាតមកនៅត្រឹម ៥ ពិន្ទុវិញ។ City ដែលត្រូវប៉ះ Newcastle នៅថ្ងៃសៅរ៍ មានប្រៀបសល់មួយប្រកួតក្នុងដៃ (Game in hand) បើធៀបនឹង Arsenal ហើយនឹងត្រូវបើកទ្វារស្វាគមន៍ “កាំភ្លើងធំ” ក្នុងជំនួបកាត់សេចក្ដីដ៏សំខាន់នៅខែមេសាខាងមុខ។

សម្ពាធពី Manchester City
ប្រសិនបើក្រុមរបស់លោក Pep Guardiola ឈ្នះទាំង ១២ ប្រកួតដែលនៅសេសសល់ ពួកគេនឹងគ្រងជើងឯកតែម្ដង ដោយមិនខ្វល់ពីលទ្ធផល ១១ ប្រកួតចុងក្រោយរបស់ Arsenal ឡើយ។ នេះគឺជាសេណារីយ៉ូដ៏ឈឺចាប់មួយសម្រាប់លោក Arteta ដែលធ្លាប់បានឃើញ Arsenal របូតពានទៅឱ្យ City ទាំងស្ដាយស្រណោះកាលពីឆ្នាំ ២០២៣ និង ២០២៤។

កាំភ្លើងធំបានបញ្ចប់ត្រឹមតំណែងជើងឯករង ៣ រដូវកាលជាប់ៗគ្នាមកហើយ ហើយការភ្លាត់ស្នៀតថ្មីៗនេះ បានធ្វើឱ្យមានការចោទសួរយ៉ាងចាក់ដោតអំពីសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងសម្ពាធនៃការប្រជែងពាន។ ប៉ុន្តែលោក Arteta នៅតែជឿជាក់យ៉ាងមុតមាំថា កូនក្រុមរបស់លោកអាចទប់ទល់នឹងភាពតានតឹងនេះបាន ដរាបណាពួកគេហ៊ានចាប់យកឱកាសដើម្បីសាងប្រវត្តិសាស្ត្រ។

ការឆ្លើយតបរបស់ Arteta ក្រោយរបូតពិន្ទុ
លោកបានប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រថា៖ “អ្វីដែលខ្ញុំបានឃើញគឺប្រតិកម្មដ៏អស្ចារ្យម្តងទៀត។ នៅពេលដែលអ្នកបាត់បង់ពិន្ទុពីការទាត់បាល់ចុងក្រោយនៃការប្រកួត ក្នុងរូបភាពដែលនឹកស្មានមិនដល់ គ្មាននរណាម្នាក់អាចយល់ពីអារម្មណ៍នោះទេ។ ប៉ុន្តែនេះហើយជាបាល់ទាត់។ ជីវិតត្រូវតែដើរទៅមុខ យើងមិនអាចធ្វើអ្វីបានឡើយ។ អ្វីដែលសំខាន់គឺរឿងដែលនឹងកើតឡើងបន្ទាប់ទៀត។ នោះគ្រាន់តែជាជំពូកមួយ។ ក្នុងជំពូកទី ២៧ យើងស្មើជាមួយ Wolves។ នៅជំពូកបន្ទាប់ វាអាស្រ័យលើយើងជាអ្នកសរសេរជោគវាសនាខ្លួនឯង។”

Arsenal បានខ្ជះខ្ជាយឱកាសនាំមុខក្នុង ២ ប្រកួតចុងក្រោយរបស់ខ្លួន ដោយស្មើ ១-១ ជាមួយ Brentford និង ២-២ ជាមួយក្រុមបាតតារាង Wolves។ ការខកខានមិនអាចយកឈ្នះ Wolves ទាំងដែលនាំមុខ ២ គ្រាប់មុន គឺជារឿងដ៏ឈឺចាប់បំផុត ដោយសារការយល់ច្រឡំគ្នារវាងអ្នកចាំទី David Raya និងខ្សែការពារ Gabriel Magalhaes បានផ្តល់ឱកាសឱ្យ Tom Edozie ស៊ុតតាមស្មើនៅម៉ោងបន្ថែម។

លោក Arteta បានបន្តថា៖ “ប្រតិកម្មភ្លាមៗពិតជាលំបាកណាស់។ វាជាការប៉ះទង្គិចផ្លូវចិត្តមួយ។ យើងចង់ឈ្នះ តែយើងធ្វើមិនបាន អ៊ីចឹងយើងត្រូវតែបន្តដំណើរទៅមុខទៀត។ ប៉ុន្តែយើងមានការណែនាំច្បាស់លាស់។ យើងត្រូវរស់នៅក្នុងបច្ចុប្បន្នភាព។ បច្ចុប្បន្នភាពគឺស្រស់ស្អាត យើងកំពុងស្ថិតនៅកន្លែងដែលយើងចង់នៅ ក្នុងគ្រប់កម្មវិធីប្រកួតទាំងអស់។”

ត្រៀមខ្លួនសម្រាប់ North London Derby
Arsenal ទើបតែឈ្នះ ២ ដងគត់ក្នុងចំណោម ៧ ប្រកួតចុងក្រោយក្នុងលីគ ប៉ុន្តែក្រុមដែលកំពុងមានវិបត្តិ Tottenham គឺរឹតតែយ៉ាប់យ៉ឺនជាងនេះទៅទៀត ដោយមិនស្គាល់ពាក្យថាឈ្នះសោះក្នុង ៨ ប្រកួតចុងក្រោយក្នុងលីគកំពូល។

ពេលនេះ ស្ពឺរ (Spurs) ឈរនៅគម្លាតតែ ៥ ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ហើយអ្នកចាត់ការបណ្ដោះអាសន្នលោក Igor Tudor នឹងដឹកនាំការប្រកួតជាលើកដំបូង បន្ទាប់ពីការបណ្ដេញលោក Thomas Frank ចេញពីតំណែង។ ថ្វីត្បិតតែ Arsenal ធ្លាប់លត់ Tottenham ៤-១ កាលពីខែវិច្ឆិកាក៏ដោយ ក៏លោក Arteta នៅតែប្រុងប្រយ័ត្នចំពោះការប្រកួតជាមួយក្រុមដែលមានគ្រូបង្វឹកថ្មី។

លោកបានបញ្ជាក់បិទបញ្ចប់ថា៖ “ខ្ញុំគិតថារឿងនេះ [ការប៉ះក្រុមប្តូរគ្រូថ្មី] កើតឡើងចំពោះយើង ៧ ដងរួចមកហើយក្នុងរដូវកាលនេះ។ យើងមានសមត្ថភាពក្នុងការសម្របខ្លួន ប៉ុន្តែការផ្តោតសំខាន់បំផុតគឺការធ្វើអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានជ័យជម្នះ។ វាជាការប្រកួតបន្ទាប់របស់យើង ហើយយើងអន្ទះសាចង់លេងការប្រកួតនេះណាស់។ យើងត្រូវតែបង្ហាញខ្លួនឱ្យបានល្អនៅថ្ងៃអាទិត្យនេះ។”

Last Post