Andre ក្លាយជាវីរបុរស! Wolves ឆក់យក ៣ ពិន្ទុពីដៃ Liverpool ធ្វើឱ្យអ្នកគាំទ្រហង្សក្រហមស្រឡាំងកាំង!
ក្រុមបាតតារាង Wolves បានធ្វើឱ្យពិភពបាល់ទាត់អង់គ្លេសមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានយកឈ្នះម្ចាស់ជើងឯក Liverpool ២-១ តាមរយៈគ្រាប់បាល់សំណាងនៅនាទីទី ៩៤។ នេះគឺជាជ័យជម្នះដ៏អស្ចារ្យទី២ ជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Rob Edwards បន្ទាប់ពីទើបតែបានទម្លាក់ Aston Villa កាលពីសប្តាហ៍មុន។
Liverpool បានគ្រប់គ្រងការលេង ប៉ុន្តែហាក់ខ្វះភាពមុតស្រួច។ ការស៊ុតរបស់ Hugo Ekitike និង Dominik Szoboszlai មិនបានធ្វើឱ្យអ្នកចាំទី Jose Sa របស់ Wolves ពិបាកចិត្តឡើយ។
នៅដើមតង់ទី២ Liverpool គួរតែនាំមុខមុនទៅហើយពីការលើកបាល់ជ្រុងរបស់ Salah ប៉ុន្តែ Cody Gakpo បែរជាធ្វើឱ្យបាល់បុកបង្គោលទីយ៉ាងសោកស្តាយនៅចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីទី។
នៅនាទីទី ៧៨ Wolves បានប្រើឱកាសស៊ុតលើកដំបូងរបស់ខ្លួនក្នុងប្រកួតនេះដើម្បីរកគ្រាប់នាំមុខ ១-០ ដោយកីឡាករបម្រុង Rodrigo Gomes។
ត្រឹមតែ ៥ នាទីក្រោយមក Mohamed Salah បានឆក់បាល់ពីការបញ្ជូនខុសរបស់កីឡាករ Wolves រួចស៊ុតបញ្ចូលទីយ៉ាងខ្លាំងក្លា តាមស្មើ ១-១ ឱ្យ Liverpool។
នៅនាទីទី ៩៤ (៩០+៤) កីឡាករ Andre បានស៊ុតបាល់យ៉ាងខ្លាំង ដែលបានទៅបុកជាមួយខ្សែការពារ Joe Gomez ប្តូរទិសដៅចូលទី ធ្វើឱ្យអ្នកចាំទី Alisson ឈរធ្លាំងមើលបាល់ចូលទី ជួយឱ្យ Wolves ឈ្នះ ២-១ ទាំងរំភើបបំផុត។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Premier League ដែលក្រុមស្ថិតក្នុងតំបន់កាត់ចោល អាចស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី ៩០ លើក្រុមដែលជាម្ចាស់ជើងឯក (Reigning Champions)។
Wolves គឺជាក្រុមដំបូងគេបង្អស់ដែលស្ថិតនៅបាតតារាង ហើយអាចយកឈ្នះក្រុម Top 5 ពីរក្រុមជាប់ៗគ្នា (ឈ្នះ Aston Villa លេខ ៣ និង Liverpool លេខ ៥)។
ក្នុងរដូវកាលនេះ Liverpool បានចាញ់ដោយសារគ្រាប់បាល់នៅនាទីទី ៩០ ដល់ទៅ ៥ ប្រកួតហើយ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រលីគសម្រាប់មួយរដូវកាល។
Liverpool មានឱកាសស៊ុតដល់ទៅ ១៩ ដង (Expect Goals ១.៨១) ខណៈ Wolves មានឱកាសស៊ុតត្រឹមតែ ៤ ដងប៉ុណ្ណោះ ប៉ុន្តែភាពមុតស្រួចនៅចុងម៉ោងបានធ្វើឱ្យ Wolves ក្លាយជាអ្នកឈ្នះ។
ទោះបីជា Wolves ឈ្នះតែ ២ ដងគត់ក្នុង ២៨ ប្រកួតដំបូង ប៉ុន្តែជ័យជម្នះលើក្រុមយក្ស ២ ជាប់ៗគ្នានេះ បានធ្វើឱ្យក្តីសង្ឃឹមក្នុងការគេចចេញពីតំបន់កាត់ចោលរបស់ពួកគេមានពន្លឺឡើងវិញយ៉ាងខ្លាំង។







