AC Milan គ្រងរាជ្យនៅទីក្រុង Milan! យកឈ្នះ Inter ១-០ ក្នុងជំនួប Derby ដ៏ជក់ចិត្ត!

AC Milan

AC Milan គ្រងរាជ្យនៅទីក្រុង Milan! យកឈ្នះ Inter ១-០ ក្នុងជំនួប Derby ដ៏ជក់ចិត្ត!

Milan ក្លាយជាពណ៌ក្រហមខ្មៅ! AC Milan បង្ក្រាប Inter ១-០ បន្តក្ដីសង្ឃឹមប្រជែងពាន Scudetto
ក្តីស្រមៃគ្រងជើងឯក Serie A របស់ AC Milan បានរស់ឡើងវិញយ៉ាងត្រចះត្រចង់ បន្ទាប់ពីគ្រាប់បាល់កាត់សេចក្តីរបស់ Pervis Estupinan បានជួយឱ្យក្រុមលោក Massimiliano Allegri យកឈ្នះក្រុមម្ចាស់កំពូលតារាង Inter Milan ១-០ ក្នុងជំនួប Derby della Madonnina កាលពីយប់មិញ។

កំពូលខ្សែបម្រើ Luka Modric ស្ទើរតែរកគ្រាប់នាំមុខឱ្យ Milan ទៅហើយ បន្ទាប់ពីអ្នកចាំទី Yann Sommer របស់ Inter បញ្ចេញបាល់ខុសបច្ចេកទេស ប៉ុន្តែការស៊ុតរបស់គេមិនចំគោលដៅ។

កងទ័ព Inter មានឱកាសមាសនៅពេល Mkhitaryan អូសបាល់ដាច់ម្នាក់ឯងទៅដល់តំបន់គ្រោះថ្នាក់ ប៉ុន្តែមិនអាចយកឈ្នះអ្នកចាំទី Mike Maignan បានឡើយ។ ត្រឹមតែ ៧៨ វិនាទី បន្ទាប់ពីការសង្គ្រោះបាល់ដ៏អស្ចារ្យនោះ Milan ក៏វាយបកវិញភ្លាមៗ ដោយ Youssouf Fofana បញ្ជូនបាល់យ៉ាងមុតស្រួចឱ្យ Estupinan ស៊ុតបញ្ចូលទីយ៉ាងកាចសាហាវនៅនាទីទី ៣៥។

នៅតង់ទី២ ក្រុមលោក Cristian Chivu បានដាក់សម្ពាធយ៉ាងខ្លាំង ដោយ Federico Dimarco មានឱកាសស៊ុតនៅមាត់ទីតែរំលងរបារទី។

នៅនាទីទី ៩០+៣ Inter បានបញ្ជូនបាល់ចូលទី Milan ទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលមិនផ្តល់គ្រាប់បាល់ឱ្យឡើយ ដោយសារមានកំហុសលើកីឡាករ Carlos Augusto តាំងពីពេលទាត់បាល់ជ្រុងមកម្ល៉េះ។

នេះជាលើកដំបូងចាប់តាំងពីរដូវកាល ២០១០-១១ ដែល AC Milan អាចយកឈ្នះ Inter ទាំងពីរជើងក្នុងលីគ។ បច្ចុប្បន្ន Milan មិនដែលចាញ់ Inter ឡើយក្នុង ៧ ប្រកួតចុងក្រោយ (ឈ្នះ ៥ ស្មើ ២)។

Pervis Estupinan បានក្លាយជាកីឡាករជនជាតិអេក្វាទ័រ (Ecuador) ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលអាចស៊ុតបញ្ចូលទីក្នុងជំនួប Milan Derby។

ទោះបីជាលោក Allegri តែងតែបន្ទាបខ្លួនថាគោលដៅត្រឹម Champions League ប៉ុន្តែជ័យជម្នះនេះធ្វើឱ្យពួកគេដេញតាម Inter មកនៅសល់ត្រឹម ៧ ពិន្ទុ ប៉ុណ្ណោះ ខណៈដែល Milan រកបាន ៦០ ពិន្ទុ ក្នុង ២៨ ប្រកួត (ស្ថិតិល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ)។

បើពិនិត្យលើទិន្នន័យ xG (ឱកាសដែលគួរបានគ្រាប់បាល់) Inter មានដល់ទៅ ១.២៤ ខ្ពស់ជាង Milan (០.៧៧) ប៉ុន្តែភាពមុតស្រួច និងការការពារដ៏រឹងមាំបានធ្វើឱ្យបិសាចក្រហមខ្មៅជាអ្នកសើចចុងក្រោយ។

ជ័យជម្នះនេះមិនត្រឹមតែជាការឈ្នះសត្រូវរួមទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកទ្វារ “ប្រជែងពាន” ឱ្យកាន់តែពុះកញ្ជ្រោលសម្រាប់សប្តាហ៍ដែលនៅសល់។

Last Post