ទោះឈ្នះជើងទីមួយ តែស្ថិតិបង្ហាញថា PSG របស់ Luis Enrique កំពុងធ្លាក់កូដខ្លាំងបើធៀបនឹងរដូវកាលមុន

PSG

ទោះឈ្នះជើងទីមួយ តែស្ថិតិបង្ហាញថា PSG របស់ Luis Enrique កំពុងធ្លាក់កូដខ្លាំងបើធៀបនឹងរដូវកាលមុន

ទោះបីជាទទួលបានជ័យជម្នះ ៣-២ ក្នុងជើងទីមួយក៏ដោយ ប៉ុន្តែការប្រកួតនោះពិតជា “តានតឹង” យ៉ាងខ្លាំងសម្រាប់ក្រុមអ្នកមានបារាំង Parisians ដែលត្រូវបង្ខំចិត្តវាយបក (Remontada) តាមរយៈការស៊ុត ២ គ្រាប់ម្នាក់ឯង (Brace) របស់ Desire Doue ដើម្បីយកឈ្នះ Monaco។ យ៉ាងណាមិញ ជ័យជម្នះនេះបានបន្សល់ទុកនូវរសជាតិជូរចត់ ដោយសារការរបួសរបស់ Ousmane Dembele នៅមុននាទីទី ៣០ ដែលនេះជាការបាត់បង់ “អាវុធដ៏សំខាន់” សម្រាប់អ្នកចាត់ការលោក Luis Enrique ក្នុងការត្រៀមខ្លួនសម្រាប់ជើងទីពីរដ៏កាត់សេចក្តី។

ការប្រៀបធៀបទិន្នន័យ៖ PSG ចុះខ្សោយជាងមុន?

បើយោងតាមការវិភាគទិន្នន័យពី BeSoccer Pro គិតត្រឹមថ្ងៃទី ២៥ កុម្ភៈដូចគ្នា ការសន្និដ្ឋានគឺច្បាស់ណាស់៖ PSG ក្រោមការដឹកនាំរបស់ Luis Enrique ហាក់មានឥទ្ធិពលតិចជាងរដូវកាលមុនឆ្ងាយណាស់។ ឆ្លងកាត់ការប្រកួតចំនួន ៣៧ ស្មើគ្នា៖

🔸ស្ថិតិឈ្នះ-ចាញ់៖ រដូវកាលនេះពួកគេឈ្នះតិចជាងមុន (២៣ ដង ធៀបនឹង ២៧ ដង) ប៉ុន្តែចំណុចសំខាន់គឺ ចាញ់ច្រើនជាងមុនទ្វេដង (៦ ដង ធៀបនឹង ៣ ដង)។

🔸ប្រសិទ្ធភាពនៃការស៊ុត និងការពារ៖ នៅចំណុចនេះកាលពីរដូវកាលមុន PSG មានកម្លាំងប្រយុទ្ធដ៏គួរឱ្យខ្លាចដោយស៊ុតបាន ៩៧ គ្រាប់ (ឆ្នាំនេះបានត្រឹម ៨៥ គ្រាប់) និងមានតំបន់ការពាររឹងមាំជាង ដោយរបូតត្រឹម ៣៤ គ្រាប់ (ឆ្នាំនេះរបូតដល់ ៣៨ គ្រាប់)។

ស្ថិតិទាំងនេះបញ្ជាក់ថា ក្រុមបានបាត់បង់ “ភាពមុតស្រួច” ទាំងក្នុងការបញ្ចប់ទី និងការការពារប្រអប់គ្រោះថ្នាក់របស់ខ្លួន ដោយពួកគេជួបការលំបាកក្នុងការសម្លាប់ការប្រកួត (Kill off matches) និងងាយរងគ្រោះពីការវាយបករបស់គូប្រកួត។

ពី “One-Man Show” មកជា “ការលេងជាក្រុម”

ទោះជាយ៉ាងណា រដូវកាលនេះ លោក Luis Enrique កំពុងព្យាយាមកសាងក្រុមដែលមានតុល្យភាពជាងមុន។

🔸រដូវកាលមុន៖ ក្តីសង្ឃឹមគឺពឹងផ្អែកស្ទើរតែទាំងស្រុងលើ Kylian Mbappe ដែលស៊ុតបានដល់ទៅ ៣២ គ្រាប់ម្នាក់ឯងគិតត្រឹមពេលនេះ ដោយទុកឱ្យអ្នកឈរលេខ ២ គឺ Kolo Muani (៩ គ្រាប់) ដើរតាមពីក្រោយយ៉ាងឆ្ងាយ។

🔸រដូវកាលនេះ៖ គ្រាប់បាល់ត្រូវបានបែងចែកស្មើៗគ្នា។ បច្ចុប្បន្ន មានកីឡាករ ៥ នាក់ដែលស៊ុតបានលើសពី ៨ គ្រាប់ ដែលនេះជាសញ្ញានៃការលេងជាប្រព័ន្ធ លែងពឹងផ្អែកលើបុគ្គលតែម្នាក់ ទោះបីជាការលេងបែបនេះ នៅមិនទាន់អាចប៉ះប៉ូវការបាត់បង់ប្រសិទ្ធភាពនៃការស៊ុតបញ្ចូលទីដ៏ច្រើនសន្ធឹកសន្ធាប់កាលពីរដូវកាលមុនក៏ដោយ។

ស្ថិតិបុគ្គលធ្លាក់ចុះគួរឱ្យកត់សម្គាល់

ការវិភាគលើកីឡាករម្នាក់ៗ បង្ហាញពីការធ្លាក់ចុះយ៉ាងច្បាស់ បើធៀបនឹងរដូវកាលមុន (គិតត្រឹមថ្ងៃទី ២៥ កុម្ភៈ)៖

🔸Ousmane Dembele: រដូវកាលមុនរកបាន ២៤ គ្រាប់ តែឆ្នាំនេះបានត្រឹម ១១ គ្រាប់។

🔸Bradley Barcola: រដូវកាលមុនរកបាន ១៦ គ្រាប់ តែបច្ចុប្បន្នទើបបាន ៨ គ្រាប់។

សរុបមក ខ្សែប្រយុទ្ធស្លាបជម្រើសដំបូងទាំងពីររូបនេះ រកគ្រាប់បាល់បានតិចជាងមុនដល់ទៅ ២១ គ្រាប់ បើធៀបនឹងរដូវកាលមុន។ ទោះបីជា Goncalo Ramos និង Desire Doue ជួយប៉ះប៉ូវបានខ្លះៗតាមរយៈស្ថិតិល្អរបស់ពួកគេក៏ដោយ ក៏កង្វះខាតនៅតំបន់ប្រយុទ្ធនេះហើយ ជាមូលហេតុចម្បងដែលធ្វើឱ្យ PSG ពិបាកបិទបញ្ចប់ការប្រកួតនារដូវកាលនេះ។

Last Post