Anthony Gordon ស៊ុត ៤ គ្រាប់ម្នាក់ឯងជួយសារិកាព្រៃ Newcastle លត់ Qarabag យ៉ាងចាស់ដៃ

Anthony Gordon

Anthony Gordon ស៊ុត ៤ គ្រាប់ម្នាក់ឯង ជួយសារិកាព្រៃ Newcastle លត់ Qarabag យ៉ាងចាស់ដៃក្នុងពាន Champions League

ខ្សែប្រយុទ្ធ Anthony Gordon បានក្លាយជាតួឯកប្រចាំការប្រកួត (Stole the show) ដោយស៊ុតបញ្ចូលទី ៤ គ្រាប់ម្នាក់ឯងតាំងពីតង់ទីមួយ នៅកីឡដ្ឋាន Tofiq Bahramov របស់ប្រទេសអាស៊ែបៃហ្សង់។ រីឯ Malick Thiaw និង Jacob Murphy ក៏រកបានម្នាក់មួយគ្រាប់ផងដែរ ដើម្បីជួយអោយសារិកាព្រៃ Newcastle United បញ្ចប់ការលត់យ៉ាងចាស់ដៃ។

គ្រាប់បាល់វាយបកមួយគ្រាប់នៅតង់ទីពីររបស់កីឡាករ Elvin Jafarguliyev គ្រាន់តែជាការលួងចិត្តដ៏តិចតួចបំផុត សម្រាប់ក្រុមជើងក្រោម Qarabag ដែលត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរចំពោះទម្រង់លេងការពារដ៏យ៉ាប់យ៉ឺនរបស់ខ្លួន។

Gordon បំបែកកំណត់ត្រារបស់ Alan Shearer
ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ រកបាន ១៤ គ្រាប់ហើយនៅរដូវកាលនេះ ក្នុងនោះ ១០ គ្រាប់កើតឡើងក្នុងពាន Champions League ដែលជួយអោយគេបំបែកកំណត់ត្រារបស់វីរបុរស Alan Shearer ក្នុងនាមជាកីឡាករ Newcastle ដែលស៊ុតបានច្រើនជាងគេបំផុតក្នុងមួយរដូវកាលនៃពានរង្វាន់អឺរ៉ុប។

រាត្រីដ៏គួរឱ្យចងចាំរបស់ Gordon នៅក្បែរសមុទ្រ Caspian នេះ បានធានាថាការប្រកួតជើងទី ២ នៅកីឡដ្ឋាន St James’ Park នាថ្ងៃទី ២៤ កុម្ភៈ ខាងមុខ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។ បើគ្មានការវាយបកជាអព្ភូតហេតុណាមួយទេ ក្រុមរបស់លោក Eddie Howe នឹងត្រូវរង់ចាំជួប Barcelona ឬ Chelsea នៅវគ្គ ១៦ ក្រុមចុងក្រោយ។

ពីការស្រែកចំអក មកជាការកសាងប្រវត្តិសាស្ត្រថ្មី
បន្ទាប់ពីជួយបញ្ចប់ការរង់ចាំ ៧០ ឆ្នាំរបស់ក្លឹបសម្រាប់ការឈ្នះពានរង្វាន់ក្នុងស្រុក (League Cup) កាលពីរដូវកាលមុន លោក Howe បានកំណត់គោលដៅសាងប្រវត្តិសាស្ត្រថ្មី ដោយទទួលស្គាល់ថាវាមាន “អត្ថន័យគ្រប់យ៉ាង” ក្នុងការដឹកនាំក្រុមឡើងដល់វគ្គ ១៦ ក្រុម Champions League ជាលើកដំបូង ហើយពេលនេះគោលដៅនោះនៅកៀកបង្កើយ។

ទោះបីទើបតែត្រូវអ្នកគាំទ្រខ្លួនឯងស្រែកហ៊ោចំអក (Booed off) កាលពីជិត ២ សប្តាហ៍មុនក្រោយចាញ់ Brentford ក៏ពិតមែន ប៉ុន្តែ Newcastle បានធ្វើដំណើរចម្ងាយ ២,៥២៩ ម៉ាយល៍ ទៅកាន់ទីក្រុង Baku ជាមួយនឹងទំនុកចិត្តឡើងវិញ ក្រោយទើបតែឈ្នះក្រៅដីជាប់ៗគ្នាលើ Tottenham ក្នុងលីគ និង Aston Villa ក្នុង FA Cup។ វាជាការធ្វើដំណើរឆ្ងាយបំផុតសម្រាប់ក្រុមអង់គ្លេសក្នុងប្រវត្តិសាស្ត្រវគ្គចាញ់ធ្លាក់ UCL តែពួកគេមិនបង្ហាញសញ្ញាណនៃភាពនឿយហត់សោះឡើយ។ លោក Howe បានសម្រេចចិត្តដាក់ Gordon ជាខ្សែប្រយុទ្ធកណ្តាល ខណៈខ្សែប្រយុទ្ធអាល្លឺម៉ង់ Nick Woltemade លេងទាបជាងបន្តិច ដែលការសម្រេចចិត្តនេះបានហុចផ្លែផ្កាយ៉ាងក្រាស់ក្រែល។

ដំណើរការនៃការគ្រាប់បាល់ទាំង ៦
🔸នាទីទី ៣៖ Dan Burn បានបញ្ជូនបាល់យ៉ាងល្អអោយ Gordon ដែលរត់បំបែកអន្ទាក់ Offside យ៉ាងឆ្លាតវៃ និងស៊ុតបញ្ចូលទីយ៉ាងមុតស្រួច។

🔸នាទីទី ៨៖ ការលើកបាល់យ៉ាងសុក្រឹតរបស់ Kieran Trippier បានរកឃើញ Thiaw ដែលតែតបញ្ចូលទីយ៉ាងស្អាត ទម្លាយរនាំងការពារដ៏ទន់ខ្សោយរបស់ Qarabag។

🔸នាទីទី ៣២៖ ក្រុមភ្ញៀវទទួលបានបាល់ប៉េណាល់ទីពីការយកដៃបាំងបាល់របស់ Matheus Silva លើការស៊ុតរបស់ Harvey Barnes ហើយ Gordon ទាត់បំប៉ោងសំណាញ់ទីយ៉ាងងាយ។

🔸នាទីទី ៣៣៖ ត្រឹមតែ ៦០ វិនាទីក្រោយគ្រាប់ទីពីរ Gordon ស៊ុតគ្រាប់ទី ៣ របស់ខ្លួន បន្ទាប់ពីឆក់ឱកាសពេលខ្សែការពារ Kevin Medina រអិលដួល ដោយគេបានអូសបាល់ឆ្លងកាត់អ្នកចាំទី Kochalski ស៊ុតចូលទីទទេតែម្តង។

កំណត់សម្គាល់៖ នេះជា Hat-trick អាជីពដំបូងរបស់គេ និងជាកីឡាករទី ៣ របស់ Newcastle ដែលធ្វើបាននៅ UCL បន្ទាប់ពី Shearer និង Faustino Asprilla។ វាក៏ជា Hat-trick លឿនបំផុតដោយកីឡាករអង់គ្លេសផងដែរ។

🔸មុនចប់តង់ទី ១៖ មិនទាន់ស្កប់ស្កល់ កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានអ្នកចាំទី Kochalski បង្កកំហុសក្នុងប្រអប់ ហើយគេក្រោកឈរទាត់ប៉េណាល់ទីខ្លួនឯងសម្រេចគ្រាប់ទី ៤ យ៉ាងងាយស្រួល។

🔸នាទីទី ៥៤ (Qarabag)៖ Jafarguliyev វាយបកបាន ១ គ្រាប់វិញដោយការស៊ុតរាបៗ ក្រោយ VAR ផ្តល់ឱ្យ ទោះបីដំបូងត្រូវអជ្ញាកណ្តាលចាប់ Offside ក៏ដោយ។

🔸នាទីទី ៧២៖ Murphy បានស៊ុតបាល់ផ្លាតចូលទី ជាគ្រាប់បាល់ UCL ដំបូងរបស់ខ្លួន ដើម្បីបិទគូទក្នុងរាត្រីដ៏ល្អឥតខ្ចោះរបស់សារិកាព្រៃ។

Last Post