Galatasaray បំបាក់ Juventus ៥-២ យ៉ាងចាស់ដៃ ខណៈ Noa Lang ស៊ុតបាន ២ គ្រាប់
ខ្សែបម្រើហូឡង់ Noa Lang បានស៊ុតបញ្ចូលទី ២ គ្រាប់ (Brace) ជួយឱ្យក្រុម Galatasaray លត់ក្រុម Juventus យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ ក្នុងការប្រកួតដ៏កក្រើកនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារ ក្នុងជើងទី ១ នៃវគ្គ Playoff ពានរង្វាន់ Champions League ។
នៅក្នុងបរិយាកាសដ៏តានតឹង និងសំឡេងហ៊ោរកក្រើកកីឡដ្ឋាន តាមពិតទៅក្រុម “សេះបង្កង់” Juventus របស់លោក Luciano Spalletti បាននាំមុខ ២-១ នៅតង់ទីមួយ បន្ទាប់ពី Teun Koopmeiners ស៊ុត ២ គ្រាប់ម្នាក់ឯង ដើម្បីវាយបកទៅនឹងគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើប្រេស៊ីល Gabriel Sara ។
ប៉ុន្តែស្ថានការណ៍បានប្រែប្រួលទាំងស្រុងនៅតង់ទីពីរ ដែលអាចហៅបានថាជា “មហន្តរាយ” សម្រាប់ក្រុមភ្ញៀវ នៅពេលដែលខ្សែការពារស្លាបកូឡុំប៊ី Juan Cabal ត្រូវបានបណ្តេញចេញ (កាតក្រហម) ក្រោយទទួលបានកាតលឿងពីរដង។ ឱកាសនេះបានធ្វើឱ្យ Galatasaray វាយបកវិញ ដោយគ្រាប់បាល់របស់ Lang (ដែលរកបាន ២ គ្រាប់ក្នុងប្រកួតនេះ) បូករួមនឹងគ្រាប់បាល់របស់ Davinson Sanchez និង Sacha Boey បាន “ពន្លិច” ក្រុមសេះបង្កង់ឱ្យវិលត្រឡប់ទៅទីក្រុង Turin វិញទាំងអាម៉ាស់។
ដំណើរការនៃការប្រកួត៖
នាទី ១៥៖ Gabriel Sara បានបើកការស៊ុតបំបែកពងមាន់ដោយជើងឆ្វេងយ៉ាងស្អាតពីក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែការនាំមុខនេះមិនបានយូរប៉ុន្មានទេ។
នាទី ១៦៖ មួយនាទីក្រោយមក អ្នកចាំទី Ugurcan Cakir របស់ Gala បានទះបាល់តែតដ៏ខ្លាំងរបស់ Khephren Thuram ចេញមកក្រៅ ប៉ុន្តែបាល់បានធ្លាក់ទៅចំគន្លងរបស់ Koopmeiners ដែលរត់មកបន្ថែមបញ្ចូលទីបានយ៉ាងងាយដើម្បីតាមស្មើ។
នាទី ៣២៖ Koopmeiners ដដែល បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អចូលជ្រុង សហការយ៉ាងស៊ីចង្វាក់ជាមួយខ្សែបម្រើអាមេរិក Weston McKennie ជួយឱ្យ Juventus នាំមុខ ២-១ ។
ទោះជាយ៉ាងណា ក្រោយសម្រាកតង់ទីមួយ ក្រុមជើងឯកតួគីរបស់លោក Okan Buruk បានបើកការវាយសម្រុកយ៉ាងខ្លាំងក្លា៖
នាទី ៤៩៖ Noa Lang បានឆក់យកបាល់ដែលភ្លាត់នៅក្នុងប្រអប់គ្រោះថ្នាក់ ហើយស៊ុតតាមស្មើ ២-២ ។
នាទី ៦០៖ Davinson Sanchez បានតែតបាល់បញ្ចូលទីឱ្យ Gala នាំមុខវិញ ដែលធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះស្រែកហ៊ោរយ៉ាងកងរំពង។
នាទី ៦៧៖ ក្តីសង្ឃឹមរបស់ Juventus ត្រូវបានរលាយសាបសូន្យ នៅពេលដែល Juan Cabal ទទួលបានកាតក្រហម។ ទោះបីជា Juventus ធ្លាប់តវ៉ារឿងកាតក្រហមមិនយុត្តិធម៌ពេលចាញ់ Inter Milan ៣-២ កាលពីចុងសប្តាហ៍ក្តី ប៉ុន្តែលើកនេះពួកគេមិនអាចតវ៉ាបានទេចំពោះការបណ្តេញចេញរបស់ Cabal ។
មិនយូរប៉ុន្មាន Lang បានស៊ុតគ្រាប់ទី ២ របស់ខ្លួន ហើយកីឡាករបម្រុង Sacha Boey បានស៊ុតបិទគូទនៅ ៥ នាទីចុងក្រោយ (នាទី ៨៥) ដើម្បីធានាថា Galatasaray ក្ដាប់អតិភាពយ៉ាងរឹងមាំ មុននឹងត្រូវធ្វើដំណើរទៅប្រកួតជើងទី ២ នៅទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ៕







