តើមានអព្ភូតហេតុទេ? កកាយប្រវត្តិសាស្ត្រការវាយបករបស់ Barcelona មុនប៉ះ Atletico Madrid ទាំងកំពុងចាញ់ ៤-០
ក្រុមអ្នកមានបុណ្យ FC Barcelona នឹងព្យាយាមធ្វើការវាយបក (Remontada) ពីការបរាជ័យដ៏ធ្ងន់ធ្ងរកាលពីជើងទីមួយ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមរបស់លោក Hansi Flick កំពុងប្រមាញ់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ទោះបីជាបានរងបរាជ័យយ៉ាងចាស់ដៃ ៤-០ ក្រោមថ្វីជើងក្រុម Atletico Madrid នៅកីឡដ្ឋាន Metropolitano ក៏ដោយ។ យោងតាមទិន្នន័យពី Goalkhmer បានកកាយប្រវត្តិសាស្ត្រ និងរកឃើញថា មាន ១១ លើកហើយដែលក្រុមរហស្សនាម “Cules” មួយនេះ បានចាញ់ការប្រកួតជើងទីមួយក្នុងវគ្គចាញ់ធ្លាក់ (Knockout tie) ដោយគម្លាតចាប់ពី ៣ គ្រាប់ឡើងទៅ។
ប្រវត្តិសាស្ត្រនៃការវាយបកដ៏កក្រើកទាំង ៣ លើក
ក្នុងចំណោមប្រវត្តិដ៏លំបាកទាំងនោះ ក្រុម Blaugrana អាចធ្វើការវាយបកបានជោគជ័យត្រឹមតែ ៣ លើក ប៉ុណ្ណោះ ហើយមានតែម្តងគត់ដែលពួកគេអាចវាយបកឈ្នះពីការចាញ់ ៤ គ្រាប់មុន។ ព្រឹត្តិការណ៍ដ៏ល្បីល្បាញបំផុតនោះ គឺជ័យជម្នះ ៦-១ ទៅលើក្រុម PSG ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League រដូវកាល ២០១៦-១៧។ កាលណោះ ក្រុមរបស់លោក Unai Emery បានលត់ Barca ៤-០ មុននៅជើងទីមួយ តែត្រូវរលាយឱកាសយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅកីឡដ្ឋាន Camp Nou ខណៈគ្រាប់បាល់នៅម៉ោងបន្ថែមរបស់ Sergi Roberto បានជួយធានាកៅអីវគ្គបន្តសម្រាប់ក្រុមអ្នកមានបុណ្យកាតាឡាន់មួយនេះយ៉ាងរំភើបបំផុត។
មុនពេលនោះ ពោលគឺនៅចន្លោះចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ អ្នកគាំទ្រ FC Barcelona ក៏ធ្លាប់បានឃើញការវាយបក ២ លើកផ្សេងទៀតផងដែរ ក្នុងពានរង្វាន់អឺរ៉ុប បន្ទាប់ពីចាញ់ ៣-០ ក្នុងជើងទីមួយដូចគ្នា។
🔸លើកទីមួយ (១៩៧៨-៧៩): កើតឡើងក្នុងវគ្គ ១៦ ក្រុមនៃពានរង្វាន់ European Cup Winners’ Cup។ ការស៊ុត ២ គ្រាប់របស់ Van der Elst និង ១ គ្រាប់ពី Coeck បានជួយឱ្យ Anderlecht នាំមុខយ៉ាងឆ្ងាយ ប៉ុន្តែក្រុមរបស់លោក Lucien Muller បានសាងអព្ភូតហេតុត្រលប់មកវិញ។ គ្រាប់បាល់របស់ Krankl, Heredia និង Zuviria (គ្រាប់ទី ៣ នៅនាទីទី ៨៦) បានអូសបន្លាយដល់វគ្គទាត់ប៉េណាល់ទីកាត់សេចក្តី ហើយពួកគេបានយកឈ្នះក្នុងលទ្ធផល ៤-១។
🔸លើកទីពីរ (១៩៨៥-៨៦): កើតឡើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ European Cup។ ការស៊ុត ២ គ្រាប់របស់ Nilsson និង ១ គ្រាប់ពី Holmgren បានជួយឱ្យក្រុម IFK Goteborg ឈ្នះ ៣-០។ ក្រុមពីស៊ុយអែតមួយនេះស្មានតែបានឈានជើងម្ខាងទៅវគ្គផ្តាច់ព្រ័ត្រទៅហើយ ប៉ុន្តែការស៊ុត Hat-trick របស់ Pichi Alonso បានអូសបន្លាយការប្រកួតទៅដល់វគ្គទាត់ប៉េណាល់ទី។ ក្រុមរបស់លោក Terry Venables ស្ទើរតែធ្លាក់ទៅហើយ តែវីរបុរសជើងទីមួយរបស់គូប្រកួតគឺ Nilsson បានស៊ុតប៉េណាល់ទីគ្រាប់ទី ៥ មិនចូល ហើយទីបំផុត Barca បានទទួលជ័យជម្នះ ក្រោយពីកីឡាករ Per Mordt ស៊ុតប៉េណាល់ទីគ្រាប់ទី ៦ មិនចូលដូចគ្នា។
សង្ខេបប្រវត្តិទាំង ១១ លើក ដែល FC Barcelona ចាញ់ជើងទីមួយពី ៣ គ្រាប់ឡើងទៅ៖
🔸១៩៧៧-៧៨: ធ្លាក់ក្រោមថ្វីជើង PSV វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League (៣-០, ៣-១)
🔸១៩៧៨-៧៩: ឡើងវគ្គបន្ត ទល់នឹង Anderlecht វគ្គ ១៦ ក្រុម European Cup Winners’ Cup (៣-០, ៣[៤-១]០)
🔸១៩៨៥-៨៦: ឡើងវគ្គបន្ត ទល់នឹង IFK Goteborg វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ European Cup (៣-០, ៣[៥-៤]០)
🔸១៩៩៤-៩៥: ធ្លាក់ក្រោមថ្វីជើង Atletico Madrid វគ្គ ១៦ ក្រុម Copa del Rey (១-៤, ១-៣)
🔸១៩៩៩-០០: ធ្លាក់ក្រោមថ្វីជើង Atletico Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey (៣-០, ០-៣)
🔸១៩៩៩-០០: ធ្លាក់ក្រោមថ្វីជើង Valencia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League (៤-១, ២-១)
🔸២០១២-១៣: ធ្លាក់ក្រោមថ្វីជើង Bayern Munich វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League (៤-០, ០-៣)
🔸២០១៥-១៦: ចាញ់ Athletic Club វគ្គដណ្តើមពាន Spanish Super Cup (៤-០, ១-១)
🔸២០១៦-១៧: ឡើងវគ្គបន្ត ទល់នឹង PSG វគ្គ ១៦ ក្រុម Champions League (៤-០, ៦-១)
🔸២០១៦-១៧: ធ្លាក់ក្រោមថ្វីជើង Juventus វគ្គ ៨ ក្រុម Champions League (៣-០, ០-០)
🔸២០២០-២១: ធ្លាក់ក្រោមថ្វីជើង PSG វគ្គ ១៦ ក្រុម Champions League (១-៤, ១-១)







