Man City របូតឱកាសមាស! ស្មើ Nottingham Forest ២-២ ធ្វើឱ្យគម្លាតពិន្ទុជាមួយ Arsenal កាន់តែឆ្ងាយ
ទោះបីជាបាននាំមុខមុនដល់ទៅ ២ ដងក៏ដោយ ក៏ក្រុមការពារតំណែងជើងឯក Manchester City មិនអាចទប់ទល់នឹងស្មារតីតស៊ូរបស់ Nottingham Forest បានឡើយ ដោយបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Etihad។ លទ្ធផលនេះបានធ្វើឱ្យ Man City កាន់តែពិបាកក្នុងការដេញតាមក្រុម Arsenal ដែលកំពុងឈរកំពូលតារាង។
បន្ទាប់ពីលេងបានជាង ៣០ នាទី Antoine Semenyo បានស៊ុតបាល់ទះ (Volley) យ៉ាងស្អាតពីការបញ្ជូនរបស់ Rayan Cherki ជួយឱ្យ City នាំមុខ ១-០។
នៅដើមតង់ទី២ Morgan Gibbs-White បានស៊ុតបាល់ដោយប្រើកែងជើង (Backheel) យ៉ាងអស្ចារ្យតាមស្មើឱ្យ Forest ១-១។
បន្ទាប់មក Rodri បានតែតបញ្ចូលទីពីការលើកបាល់ជ្រុងឱ្យ City នាំមុខ ២-១ វិញ ប៉ុន្តែមិនយូរប៉ុន្មាន Elliot Anderson ក៏បានស៊ុតបាល់បត់ចូលជ្រុងខាងក្រោមយ៉ាងស្អាតពីចម្ងាយ ២៥ យ៉ាត តាមស្មើ ២-២ ឱ្យ Forest ជាថ្មី។
Man City បានព្យាយាមសម្រុកយ៉ាងខ្លាំង និងមានការតវ៉ាទារប៉េណាល់ទីសម្រាប់ Erling Haaland តែមិនបានសម្រេច។ សូម្បីតែ Savinho ក៏មានឱកាសស៊ុតដែរ ប៉ុន្តែត្រូវបានខ្សែការពារ Murillo របស់ Forest ជួយសង្គ្រោះនៅមាត់ទីទាំងប្រផិតប្រផើយ។
បច្ចុប្បន្ន Man City ដើរថយក្រោយ ៧ ពិន្ទុ ធៀបនឹងក្រុមលេខ ១ Arsenal (ទោះបីសល់ ១ ប្រកួតក្នុងដៃក៏ដោយ)។ ចំណែក Forest វិញ គឺស្ថិតនៅក្រៅតំបន់កាត់ចោលបាន ដោយសារតែមានគ្រាប់ចំណេញល្អជាង West Ham។
ចាប់តាំងពីផ្ទេរមក City ក្នុងខែមករា Semenyo ចូលរួមចំណែករកគ្រាប់បាល់បាន ៩ គ្រាប់ (ស៊ុត ៧ បញ្ជូន ២) ដែលជាស្ថិតិខ្ពស់បំផុតលំដាប់ទី២ ក្នុងចំណោមកីឡាករនៅ Premier League បន្ទាប់ពី Viktor Gyokeres។
គ្រាប់បាល់ក្នុងប្រកួតនេះ គឺជាគ្រាប់ទី ២៥ របស់ Gibbs-White ឱ្យ Nottingham Forest ក្នុង Premier League ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករស៊ុតបានច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹបក្នុងលីគកំពូល (ចាញ់តែ Chris Wood ម្នាក់ប៉ុណ្ណោះ)។
ការបាត់បង់ ២ ពិន្ទុក្នុងផ្ទះខ្លួនឯងលើកនេះ គឺជាការខាតបង់ធំធេងសម្រាប់ក្រុមលោក Pep Guardiola ក្នុងយុទ្ធនាការប្រជែងពាន។ រីឯ Forest វិញ ១ ពិន្ទុនេះគឺ “មហាសាល” សម្រាប់ការរស់រានមានជីវិតក្នុងលីគកំពូល។







