ឥន្ទ្រីបង្ក្រាបមាន់! Crystal Palace យកឈ្នះ Tottenham ១-៣ ធ្វើឱ្យម្ចាស់ផ្ទះស្ថិតក្នុងស្ថានភាពអាសន្នបំផុតក្នុងតារាងពិន្ទុ!

Crystal Palace

ឥន្ទ្រីបង្ក្រាបមាន់! Crystal Palace យកឈ្នះ Tottenham ១-៣ ធ្វើឱ្យម្ចាស់ផ្ទះស្ថិតក្នុងស្ថានភាពអាសន្នបំផុតក្នុងតារាងពិន្ទុ!

Tottenham ធ្លាក់ក្នុងរណ្តៅគ្រោះថ្នាក់! ចាញ់ Crystal Palace ១-៣ ទាំងបាត់បង់ប្រធានក្រុម
ស្ថានភាពរបស់ក្រុមមាន់ខ្នាយមាស Tottenham កាន់តែដុនដាបខ្លាំង បន្ទាប់ពីត្រូវក្រុម Crystal Palace លត់ដល់ទៅ ១-៣ ក្នុងដីខ្លួនឯង។ បរាជ័យនេះបានធ្វើឱ្យពួកគេស្ថិតនៅកៀកតំបន់កាត់ចោល (Relegation Zone) ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ ខណៈដែលប្រធានក្រុម Micky van de Ven ក៏ត្រូវទទួលបានកាតក្រហមបណ្ដេញចេញទៀតផង។

នៅនាទីទី ២៩ Ismaila Sarr ស្ទើរតែរកគ្រាប់នាំមុខឱ្យ Palace ទៅហើយ ប៉ុន្តែត្រូវបាន VAR បដិសេធវិញដោយសារជំហរក្រៅល្បែង (Offside) តិចតួចបំផុត។

បន្ទាប់ពីគេចផុតគ្រាប់បាល់មុននេះ ៥ នាទីក្រោយមក Dominic Solanke បានស៊ុតបញ្ចូលទីឱ្យ Spurs នាំមុខ ១-០។ ប៉ុន្តែភាពសប្បាយរីករាយមិនបានយូរឡើយ នៅពេលដែល Micky van de Ven ត្រូវកាតក្រហមបណ្តេញចេញភ្លាមៗ បន្ទាប់ពីបង្កកំហុសទាញ Sarr ក្នុងតំបន់គ្រោះថ្នាក់ ហើយ Sarr ក៏ស៊ុតបាល់ប៉េណាល់ទីតាមស្មើ ១-១។

នៅចុងតង់ទី១ Palace បានវាយបកយកឈ្នះទាំងស្រុង ដោយគ្រាប់បាល់របស់ Jorgen Strand Larsen និងគ្រាប់ទី២ របស់ Sarr ធ្វើឱ្យលទ្ធផលក្លាយជា ៣-១ ភ្លាមៗមុនបញ្ចប់តង់ទី១។

ការតស៊ូក្នុងតង់ទី២: ទោះបីជាសល់គ្នាត្រឹម ១០ នាក់ ប៉ុន្តែ Spurs បានព្យាយាមសម្រុកយ៉ាងខ្លាំង តែមិនអាចទម្លុះរបងការពាររបស់ Palace បានឡើយ រហូតដល់ចប់ការប្រកួត។

នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៥ ដែល Tottenham មិនស្គាល់ពាក្យថាឈ្នះដល់ទៅ ១១ ប្រកួតជាប់ៗគ្នាក្នុងលីគ។ លើសពីនេះ ពួកគេបានចាញ់ ៥ ប្រកួតជាប់គ្នានៅ Premier League ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៤។

លោក Igor Tudor បានក្លាយជាគ្រូបង្វឹកទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប ដែលដឹកនាំចាញ់ទាំង ៣ ប្រកួតដំបូងរបស់ខ្លួន។

ក្នុងរដូវកាលនេះ Spurs ទទួលបានកាតក្រហមដល់ទៅ ៤ ដងហើយ (មានតែ Chelsea មួយប៉ុណ្ណោះដែលបានច្រើនជាងគេ គឺ ៧ ដង) ដែលបង្ហាញពីបញ្ហាវិន័យក្នុងក្រុម។

សំឡេងហ៊ោកញ្ជ្រៀវរិះគន់ (Boos) ពីអ្នកគាំទ្រម្ចាស់ផ្ទះបានបន្លឺឡើងពាសពេញកីឡដ្ឋាន ក្រោយចប់ការប្រកួត ដោយសារមានការព្រួយបារម្ភថា ក្រុមធំដូចជា Spurs អាចនឹងត្រូវធ្លាក់ទៅលីគទី២។

ការបាត់បង់កីឡាករសំខាន់ៗដោយសាររបួស និងកាតក្រហម បូករួមនឹងទម្រង់លេងដែលមិនចេះឈ្នះសោះ បានធ្វើឱ្យ Tottenham ស្ថិតក្នុងស្ថានភាព “អាសន្ន” ដែលត្រូវតែរកផ្លូវឈ្នះឱ្យឃើញជាប្រញាប់ដើម្បីគេចពីការធ្លាក់ទីដៅ។

Last Post