ហង្សក្រហម Liverpool វាយបកលត់ក្រុមយក្សទួរគី Galatasaray ៤-០ ឡើងទៅប៉ះ PSG

Liverpool

🗣️ Wow ! រាត្រីនៃការវាយបកដ៏អស្ចារ្យបានកើតឡើងម្តងទៀតហើយនៅឯកីឡដ្ឋាន Anfield បន្ទាប់ពីចាញ់ ១-០ ក្នុងជើងទីមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ហង្សក្រហម Liverpool មិនបានចុះចាញ់ឡើយ ដោយបានបើកទ្វារផ្ទះលត់ក្រុម Galatasaray ក្នុងលទ្ធផល ៤-០ យ៉ាងចាស់ដៃ ។ ជ័យជម្នះសរុប ៤ ទល់នឹង ១ នេះ បានជួយឱ្យកូនក្រុមរបស់លោក Arne Slot ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីរៀបចំការប្រកួតសងសឹកជាមួយក្រុមជើងឯក Paris Saint-Germain តើការប្រកួតយប់មិញកក្រើក និងមានកំណត់ត្រាអ្វីខ្លះកើតឡើងទៅ ?

📝 ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៦ ម៉ឺននាក់ ការដាក់សម្ពាធរបស់ Liverpool គឺខ្លាំងក្លាណាស់! នៅនាទីទី ២៥ ការសហការគ្នាយ៉ាងល្អ ដោយ Alexis Mac Allister បានបញ្ជូនបាល់យ៉ាងឆ្លាតវៃឱ្យ Dominik Szoboszlai រត់ចូលមកស៊ុតជើងឆ្វេងទម្លាយសំណាញ់ទី បើកការនាំមុខ ១-០ យ៉ាងរំភើប។ យ៉ាងណាមិញ មុនពេលចប់តង់ទីមួយ Liverpool ទទួលបានឱកាសមាសបាល់ប៉េណាល់ទី ប៉ុន្តែខ្សែប្រយុទ្ធ Mohamed Salah ហាក់ដូចជាខ្វះទំនុកចិត្ត ដោយស៊ុតទៅត្រង់ពេក ត្រូវបានអ្នកចាំទី Ugurcan Çakir ជួយសង្គ្រោះបានយ៉ាងគួរឱ្យស្តាយ ។

📝 ចូលដល់តង់ទីពីរ ក្រុមភ្ញៀវ Galatasaray ត្រូវជួបសំណាងអាក្រក់ ដោយខ្សែប្រយុទ្ធដ៏មានគ្រោះថ្នាក់បំផុតរបស់ពួកគេគឺ Victor Osimhen ត្រូវប្តូរចេញដោយសាររបួសដៃ។ ឆ្លៀតឱកាសនេះ Salah បានសម្រេចចិត្តលុបលាងកំហុសរបស់ខ្លួនយ៉ាងពេញទំហឹង! កីឡាករអេហ្ស៊ីបរូបនេះបានបញ្ជូនបាល់កាត់យ៉ាងល្អឱ្យ Hugo Ekitike ស៊ុតគ្រាប់ទី ២ សម្រាប់ Liverpool។ មិនដល់ ២ នាទីផង ការស៊ុតរបស់ Salah ដែលត្រូវបានអ្នកចាំទីរុញចេញ បានក្លាយជាឱកាសឱ្យ Ryan Gravenberch ថែមចូលទីយ៉ាងងាយស្រួល ធ្វើឱ្យម្ចាស់ផ្ទះនាំមុខ ៣-០ និងគ្រប់គ្រងការប្រកួតទាំងស្រុង ។ ប៉ុន្តែ អ្វីដែលល្អបំផុតគឺនៅមិនទាន់អស់ទេ! នៅនាទីទី ៦២ Mohamed Salah បានបញ្ចេញថ្វីជើងស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ដើម្បីបិទបញ្ចប់ជ័យជម្នះ ៤-០ យ៉ាងត្រចះត្រចង់។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ គ្រាប់បាល់នេះបានជួយឱ្យ Salah ក្លាយជាកីឡាករទី ១២ ក្នុងប្រវត្តិសាស្ត្រ និងជា កីឡាករមកពីទ្វីបអាហ្វ្រិកដំបូងគេបង្អស់ ដែលអាចរកបាន ៥០ គ្រាប់នៅក្នុងពានរង្វាន់ Champions League! នេះគឺជាកំណត់ត្រាដ៏មហស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់ស្ដេច ហ្វារ៉ាអុង រូបនេះ ។

👉 សរុបមក ជ័យជម្នះនេះគឺពិតជាស័ក្តិសមបំផុតសម្រាប់ Liverpool តើបងប្អូនគិតថា កូនក្រុមរបស់លោក Arne Slot អាចមានសមត្ថភាពសងសឹកក្រុមយក្ស Paris Saint-Germain នៅវគ្គ ៨ ក្រុមចុងក្រោយបានដែរឬទេ ?

Last Post