ពីអធិរាជបាល់ទាត់ មកជាអ្នកជំពាក់បំណុល៖ Serie A កំពុងប្រឈមវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ពីអធិរាជបាល់ទាត់ មកជាអ្នកជំពាក់បំណុល៖ Serie A កំពុងប្រឈមវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ធ្លាប់ត្រូវបានចាត់ទុកជាលីគកំពូលលេខ ១ លើលោកកាលពីទសវត្សរ៍ឆ្នាំ ៩០ បច្ចុប្បន្ន Serie A កំពុងប្រឈមមុខនឹងការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ លីគកំពូលរបស់អ៊ីតាលីមួយនេះ ដែលឥទ្ធិពលលើឆាកអន្តរជាតិបានថមថយចុះក្នុងសតវត្សរ៍ទី ២១ កំពុងតស៊ូយ៉ាងខ្លាំងជាមួយនឹងសម្ពាធសេដ្ឋកិច្ច ខណៈក្លឹបភាគច្រើនកំពុងប្រតិបត្តិការក្នុងស្ថានភាពខាតបង់ (Operating at a loss)។

យោងតាមការសិក្សាសេដ្ឋកិច្ចដែលចុះផ្សាយដោយកាសែត La Gazzetta dello Sport បានឱ្យដឹងថា ក្លឹបចំនួន ១២ ក្នុងចំណោម ២០ នៅក្នុងលីគ បានរាយការណ៍ពីការខាតបង់ហិរញ្ញវត្ថុអំឡុងរដូវកាល ២០២៤/២៥។ និយាយឱ្យចំទៅ គឺលើសពីពាក់កណ្តាលនៃក្រុមក្នុង Serie A បច្ចុប្បន្នមិនអាចរកប្រាក់ចំណេញជូនម្ចាស់ក្លឹបបានឡើយ ដែលបញ្ជាក់ឱ្យឃើញពីភាពផុយស្រួយនៃគំរូអាជីវកម្មរបស់លីគមួយនេះ។

លីគទាំងមូលក៏កំពុងជួបការលំបាកផងដែរ។ របាយការណ៍ដដែលបានប៉ាន់ប្រមាណថា Serie A បានខាតបង់សរុបប្រហែល ៣៦០ លានអឺរ៉ូ កាលពីយុទ្ធនាការមុន ដែលជាតួលេខបង្ហាញពីទំហំដ៏ធំនៃវិបត្តិដែលបាល់ទាត់អ៊ីតាលីកំពុងជួបប្រទះ។

ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ក្លឹបអ៊ីតាលីបានផ្លាស់ប្តូរពី “អ្នកចាយលុយធំ” (Dominant buyers) ក្នុងទីផ្សារដោះដូរកីឡាករ មកជា “អ្នកលក់ដោយប្រុងប្រយ័ត្ន” វិញ។ ទោះបីជាមានការរឹតបន្តឹងការចំណាយ និងបង្កើនការលក់កីឡាករក៏ដោយ ក៏ក្រុមជាងពាក់កណ្តាលនៅតែបរាជ័យក្នុងការស្វែងរកស្ថិរភាពហិរញ្ញវត្ថុ។

ការវិភាគនេះបានបង្ហាញពីគម្លាតផ្ទៃក្នុងដែលកាន់តែរីកធំឡើង៖ ខណៈដែលក្លឹបកំពូលទាំង ៨ របស់ប្រទេសអាចបង្កើនទ្រព្យសម្បត្តិរបស់ពួកគេបាន ប៉ុន្តែក្រុមចំនួន ១២ ផ្សេងទៀតដែលនៅសេសសល់ បែរជារួមគ្នាខាតបង់ប្រាក់ប្រហែល ១០០ លានអឺរ៉ូ ទៅវិញ។ ភាពមិនស្មើគ្នានេះ កាន់តែធ្វើឱ្យមានភាពមិនច្បាស់លាស់ជុំវិញសុខភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ក្របខ័ណ្ឌ Serie A ថែមទៀតផង។

Last Post