ការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League រដូវកាល ២០២៥/២៦ ខិតជិតមកដល់ហើយ ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលបាល់ទាត់អឺរ៉ុប (House of European Football) នាទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងនៅអឺរ៉ុបកណ្តាល)។
ដំណាក់កាលកាត់សេចក្តីនៃពានរង្វាន់ Champions League កំពុងដំណើរការ ហើយភាពរំភើបកាន់តែកើនឡើង។ បន្ទាប់ពីការប្រកួតវគ្គ Play-offs ដ៏ជក់ចិត្តរួចមក ក្រុមទាំង ១៦ ដែលត្រូវប្រជែងគ្នានៅវគ្គនេះត្រូវបានរកឃើញ ដោយក្រុមនីមួយៗសុទ្ធតែសង្ឃឹមថានឹងអាចបន្តដំណើរឆ្ពោះទៅកាន់ការលើកពាន។ អ្វីដែលពិសេសនោះគឺ ការចាប់ឆ្នោតវគ្គ ១៦ ក្រុមនេះ មិនត្រឹមតែផ្គូផ្គងសម្រាប់តែវគ្គនេះប៉ុណ្ណោះទេ តែវាក៏នឹងត្រួសត្រាយផ្លូវ (Map out the path) ឱ្យដឹងមុនសម្រាប់វគ្គ ៨ ក្រុមចុងក្រោយ (Quarter-finals) និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-finals) ផងដែរ។
សមាសភាពក្រុមដែលបានឡើងវគ្គបន្ត
🔸ក្រុមរង់ចាំស្រាប់៖ Arsenal, Barcelona, Bayern Munich, Liverpool, Tottenham, Chelsea, Sporting Lisbon និង Manchester City បានឡើងមកវគ្គ ១៦ ក្រុមនេះដោយស្វ័យប្រវត្តិ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 8 កាលពីវគ្គ League Phase។
🔸ក្រុមឆ្លងកាត់ Play-offs៖ Real Madrid ត្រូវធ្លាក់មកលេងវគ្គ Play-offs ក្រោយភ្លាត់ចាញ់ Benfica នៅថ្ងៃប្រកួតចុងក្រោយ ប៉ុន្តែពួកគេនៅតែអាចដណ្តើមកៅអីវគ្គបន្តបាន ដោយបានទម្លាក់ក្រុមពីព័រទុយហ្គាល់មួយនេះវិញ។ ចំណែកឯ Bodo/Glimt និង Galatasaray បានបង្កការភ្ញាក់ផ្អើលដោយទម្លាក់ក្រុមយក្ស Serie A គឺ Inter Milan និង Juventus ខណៈដែល PSG បានយកឈ្នះក្នុងជំនួបស៊ីសាច់ហុតឈាមរវាងក្រុមបារាំងដូចគ្នាទល់នឹង Monaco ទោះបីជាជួបការលំបាកជាងការរំពឹងទុកក៏ដោយ។
🔸Bayer Leverkusen បានឡើងវគ្គបន្តយ៉ាងរលូនដោយទម្លាក់ Olympiacos ដូចគ្នាទៅនឹង Atletico Madrid ដែលបានលត់ក្រុម Brugge ក្នុងដី បន្ទាប់ពីស្មើគ្នានៅជើងទីមួយ។ ចុងក្រោយ Newcastle បានបំបាក់ Qarabag ក្នុងលទ្ធផលសរុប ៩-៣ ខណៈដែល Atalanta ក៏ទទួលបានកៅអីនេះដែរ តាមរយៈគ្រាប់បាល់ប៉េណាល់ទីចុងម៉ោង ដែលបានទាត់ទម្លាក់ Borussia Dortmund ចេញពីកម្មវិធី។
លទ្ធភាពនៃការផ្គូផ្គងនៅវគ្គ ១៦ ក្រុមចុងក្រោយ
ការចាប់ឆ្នោតនេះត្រូវបានគេរំពឹងថានឹងបង្កើតបានជាជំនួបដ៏កក្រើកជាច្រើន។ ក្រុមដែលឡើងពីវគ្គ Play-offs នីមួយៗ អាចនឹងត្រូវប៉ះគូប្រជែងដែលអាចទៅរួចចំនួន ២ ក្រុម ដែលបើកផ្លូវឱ្យមានសេណារីយ៉ូគួរឱ្យរំភើបជាច្រើន៖
ពាក់កណ្តាលតារាងខាងលើ (Top half):
🔸PSG អាចនឹងប៉ះ FC Barcelona ឬ Chelsea ដែលជាជំនួបជួបជុំក្រុមយក្សអឺរ៉ុបដ៏គួរឱ្យទន្ទឹងរង់ចាំ។
🔸Galatasaray នឹងត្រូវប៉ះ Liverpool ឬ Tottenham។
🔸Real Madrid នឹងត្រូវលេងជាមួយ Sporting CP ឬ Manchester City ដែលអាចបង្កើតជាជំនួបសងសឹកដ៏ជក់ចិត្តទល់នឹងក្រុមមេឃខៀវ Cityzens។
🔸Atalanta អាចនឹងប៉ះ Arsenal ឬ Bayern Munich ដែលជាការប្រកួតអាចមានរឿងភ្ញាក់ផ្អើលកើតឡើង។
ពាក់កណ្តាលតារាងខាងក្រោម (Lower half):
🔸Newcastle នឹងត្រូវប៉ះ FC Barcelona ឬ Chelsea ដែលច្បាស់ណាស់ថាជាការប្រកួតដ៏លំបាកសម្រាប់ក្រុមសារិកាព្រៃ។
🔸Atlético Madrid អាចនឹងប៉ះ Liverpool ឬ Tottenham ដែលជាជំនួបរវាងអង់គ្លេស និងអេស្ប៉ាញ។
🔸Bodø/Glimt នឹងត្រូវតតាំងជាមួយ Sporting CP ឬ Manchester City ដែលអាចជាការប្រកួតបង្កការភ្ញាក់ផ្អើលធំ។
🔸Bayer Leverkusen ត្រូវបានគេរំពឹងថានឹងប៉ះ Arsenal ឬ Bayern Munich ដែលសុទ្ធសឹងជាក្រុមរឹងមាំពិបាកទម្លាក់។
តើទម្រង់នៃការចាប់ឆ្នោតដំណើរការយ៉ាងដូចម្តេច?
ក្រុមទាំង ៨ ដែលបានឡើងដោយស្វ័យប្រវត្តិ ត្រូវបានចាត់ចូលជា ៤ គូនៃក្រុម Seeded (លេខ ១ និង ២, ៣ និង ៤, ៥ និង ៦, ៧ និង ៨)។ គូនីមួយៗនឹងត្រូវចាប់ឆ្នោតដើម្បីកាន់កាប់ទីតាំងមួយក្នុងចំណោមទីតាំងទាំងពីរដែលមាននៅក្នុងវគ្គបន្ទាប់ ដើម្បីប្រកួតជាមួយក្រុមឈ្នះពីវគ្គ Play-offs ដែលទីតាំង (Bracket) របស់ពួកគេត្រូវបានកំណត់រួចជាស្រេចតាំងពីការចាប់ឆ្នោតលើកមុន។
នីតិវិធីនេះក៏នឹងកំណត់ផងដែរថា តើក្រុមនីមួយៗនឹងស្ថិតនៅចំហៀងណាធៀបនឹងតារាងប្រកួត។ ការចាប់ឆ្នោតនឹងចាប់ផ្តើមពីក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ និងទី ៨ រួចបញ្ចប់ដោយក្រុមចំណាត់ថ្នាក់លេខ ១ និងទី ២។
សម្រាប់គូនីមួយៗ បាល់មួយនឹងត្រូវចាប់ចេញពីកែវ (Pot) ហើយឈ្មោះក្រុមនឹងត្រូវបង្ហាញ។ ក្រុមដែលត្រូវចាប់បានមុនគេ នឹងត្រូវដាក់នៅទីតាំងដែលបានកំណត់នៅចំហៀង ‘ប្រាក់ (Silver)’ ខណៈសមាជិកម្នាក់ទៀតនៃគូនេះនឹងត្រូវយកទៅដាក់នៅចំហៀង ‘ខៀវ (Blue)’។ វិធីសាស្ត្រដដែលនេះ នឹងត្រូវអនុវត្តជាបន្តបន្ទាប់សម្រាប់ក្រុមដែលនៅសល់។







